ប្រភេទកីឡាដែលមានសក្តានុពលរបស់កម្ពុជា គឺក្រុមម៉ូតូទឹក នឹងចាប់ដំណើរការប្រកួតប្រជែងរកមេដាយមាស ទៅតាមការអះអាងរបស់ពួកគេ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (18th Asian Games) នៅប្រទេសឥណ្ឌូនេស៊ី នាព្រឹកម៉ោង ១០:០៥ ថ្ងៃព្រហស្បតិ៍នេះ
បើទោះបីជា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ទើបតែត្រូវបានបង្កើតឡើងជាផ្លូវការ នៅកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៧ ប៉ុន្តែ លោក ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានការជឿជាក់ថា កីឡាករដ៏ឆ្នើមទាំង ២រូបរបស់លោក គឺ កីឡាករ ម៉ឺន មូសស្ពាន និង សាលី អ៊ូមើត នឹងដណ្តើមបានមេដាយមាសឲ្យកម្ពុជា។
លោក ណុះ ស្លេះ បានថ្លែងថា៖ «ពិតណាស់សហព័ន្ធកីឡាម៉ូតូទឹក ទើបតែត្រូវបានបង្កើតឡើង ក្រោមការទទួលស្គាល់របស់ក្រសួងអប់រំ យុវជន និងកីឡា និង NOCC ប៉ុន្តែយើងបានបញ្ចូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស តាំងពីឆ្នាំ២០០៩ ព្រមទាំងមានការទទួលស្គាល់នៅលើឆាកអន្តរជាតិ ដោយសារកីឡាកររបស់យើង ទទួលបានពានរង្វាន់ សម្រាប់ការប្រកួតនៅអាមេរិក អឺរ៉ុប អាល្លឺម៉ង់ និងអូស្រ្តាលី ជាដើម អ៊ីចឹងការប្រកួតកីឡាអាស៊ី លើកនេះ យើងមានសង្ឃឹម និងជឿជាក់ថា កីឡាកររបស់យើង អាចនឹងដណ្តើមបានមេដាយមាស»។
លោក ណុះ ស្លេះ បានបញ្ជាក់ថា៖ «ការសង្ឃឹមនេះ ដោយសាររយៈពេល៦ខែនេះ យើងបានហ្វឹកហាត់ត្រៀមខ្លាំងមែនទែន គឺបន្ទាប់ពីបានហ្វឹកហាត់គ្រប់គ្រាន់នៅថៃហើយ យើងបានបញ្ជូនកីឡាករទាំង ២នាក់របស់យើងទៅហ្វឹកហាត់នៅអ៊ីតាលី អាល្លឺម៉ង់ និងអូស្រ្តាលី ហើយការប្រកួតសាកល្បងនៅអូស្រ្តាលី ដោយមានកីឡាករពួកអឺរ៉ុបខ្លាំងៗចូលរួមនោះ គឺយើងនៅតែអាចទទួលបានលេខ២ អ៊ីចឹងយើងជឿជាក់ថា សមត្ថភាពកីឡាករទាំង២នាក់របស់យើង នឹងដណ្តើមបានមេដាយ ពីការប្រកួតកីឡាអាស៊ី លើកនេះ»។
បើតាមលោក ណុះ ស្លេះ បានឲ្យដឹងថា កីឡាករ ម៉ឺន មូសស្ពាន និង សាលី អ៊ូមើត សុទ្ធតែធ្លាប់មានបទពិសោធប្រកួតច្រើន នៅលើឆាកអន្តរជាតិ និងដណ្តើមបានពាន និងមេដាយ នៅក្នុងកម្រិតពិភពលោក ជាបន្តបន្ទាប់ ហើយនៅថ្ងៃព្រហស្បតិ៍នេះ សាលី អ៊ូមើត និង ម៉ឺន មូសស្ពាន ត្រូវចាប់ផ្តើមប្រកួតលើវិញ្ញាសា Runabout 1100 Stock និង Ski Modifie ដោយចាប់ផ្តើមពីព្រឹកម៉ោង ១០:០៥ តទៅ មុនពេលនឹងអ្នកទាំង២ ត្រូវបន្តការប្រកួតវិញ្ញាសា Runabout Limited និង Enduranabout Open គឺមានន័យថា កីឡាកររបស់កម្ពុជាទាំង២នេះ ត្រូវប្រកួតទាំង៤វិញ្ញាសា ដែលគេដាក់ឲ្យប្រកួតដូចគ្នា៕
ក្រុមម៉ូតូទឹក ដែលរំពឹងឈ្នះមេដាយមាសកីឡាអាស៊ី ឲ្យកម្ពុជា ចាប់ប្រកួតថ្ងៃនេះ
អត្ថបទទាក់ទង