​នៅ​ព្រឹក​នេះ ​ក្រុម​កីឡា​កម្ពុជា ​នឹង​បន្ដ​ការ​ប្រកួត​វិញ្ញាសា​ផ្សេង​ៗ​ទៀត ​ដើម្បី​ស្វែង​រក​មេដាយ​មាស​មក​កម្ពុជា ​បន្ដ​បង្កើត​កំណត់ត្រា​នានា​។

ក្រុម​កីឡា​កម្ពុជា ​នៅ​មាន​៣​ប្រភេទ​កីឡា​លេង​នៅ​ថ្ងៃ​ទី​២៦​នេះ។ ​តួយ៉ាង ​កីឡា​ទូកក្ដោង ​មាន​៣​នាក់​លេង​២​វិញ្ញាសារ​គឺ Laser Standard ​និង Laser 4,7 Open ​ដែល​សុទ្ធ​តែ​វិញ្ញាសា​កម្ពុជា​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀត។ ខណៈ​ដែល ការ៉ាតេ ​វិញ ​មាន​កីឡាករ​ម្នាក់​គឺ លី រតនៈសម្បត្តិ​លេង​ក្នុង​ប្រភេទ​ទម្ងន់ Men’s 67​គីឡូក្រាម។ សម្រាប់​កីឡា​១​ទៀត​នោះ គឺ​ម៉ូតូ​ទឹក​ដែល​បាន​មេដាយ​មាស​១​កាល​ពី​ម្សិលមិញ ​សាលី អ៊ូមើត ​ត្រូវ​លេង​វិញ្ញាសា Endurane Runabout Open ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​របួសស្មា​រូបគេ​មិន​អាច​លេង​បាន​ទេ ​នៅ​ថ្ងៃ​នេះ​។

​បើ​គិត​ត្រឹម​​ពេល​នេះ​កម្ពុជា​ទទួល​បាន​មេដាយ​​​ចំនួន​៣​គ្រឿង​ហើយ​គឺ​មាស​​​២​​ និង​សំរឹទ្ធ​១​។ ​​កីឡា​​ម៉ូតូ​ទឹក​​ កីឡាករ សាលី អ៊ូមើត ឈ្នះ​មេដាយ​មាស​១​​លើ​វិញ្ញាសា Ski Modified និង​បាន​សំរឹទ្ធ​១​លើ​វិញ្ញាសា Runabout 1100 Stock។ ​​កីឡា​ការិនី Jessa Khan ឈ្នះ​មេដាយ​មាស​១​​សម្រាប់​កីឡា​ជឺជិតស៊ូ លើ​វិញ្ញាសា -៤៩​គីឡូក្រាម។

​ភាព​ជោគជ័យ​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វីប​អាស៊ី​​ឆ្នាំ​នេះ​ ​កម្ពុជា​បាន​បំបែក​កំណត់​ត្រា ៦៤ ឆ្នាំ ដោយ​គិត​តាំង​ពី​ឆ្នាំ​១៩៥៤​មក ​នេះ​ជា​លើក​ទី​១​ហើយ​​ដែល​ប្រទេស​កម្ពុជា​ដណ្ដើម​មេដាយ​មាស​២​គ្រឿង​​៕
By: Sabay​​​​​