ក្រុមជម្រើសជាតិកម្ពុជា បានបរាជ័យក្រោមថ្វីជើងក្រុមខ្លាំង ហ្សកដានី ១-០ សម្រាប់ការប្រកួតសន្សំពិន្ទុក្នុងពូល C លើកទី៥ នៅពហុកីឡដ្ឋានជាតិកាលពីពេលថ្មីនេះ ក្នុងការប្រកួតព្រឹត្តិការណ៍ AFC Asian Cup 2019។
ក្រោយបរាជ័យនេះមានមតិជាច្រើនបានពិភាក្សាគ្នានៅលើបណ្ដាញសង្គម Facebook ថែមទាំងមានអ្នកខ្លះធ្វើការប្រៀបធៀបរវាងទម្រង់លេងរបស់កម្ពុជាក្រោមការដឹកនាំរបស់លោក Leonardo Vitorino និងលោក ប្រាក់ សុវណ្ណារ៉ា ។
១-សម្ដីរបស់គ្រូបង្វឹក៖
លោក ប្រាក់ សុវណ្ណារ៉ា ក្រោយការប្រកួត ៖ លោកបាននិយាយថា មានការពេញចិត្តចំពោះលទ្ធផលការបរាជ័យរបស់កម្ពុជា ១-០ ក្រោមថ្វីជើង ហ្សកដានី ។ លោកក៏មានមោទនភាពដែលអាចចាញ់ក្រុមខ្លាំងត្រឹម ១-០។
លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមកម្ពុជាក៏បានសរសេរបង្ហោះលើ Page Facebook ផ្លូវការរបស់លោកថា វាជារឿងដ៏ឆ្កួតបំផុតដែលពួកគេអបអរជាការចាញ់តិចគ្រាប់។ ខ្ញុំចូលចិត្តការអបអរដែលឈ្នះការប្រកួតជាង។ ខ្ញុំគាំទ្រក្រុមជម្រើសជាតិរបស់ខ្ញុំក្នុងការឈ្នះការប្រកួត និងអភិវឌ្ឍន៍កីឡាករក្មេងៗ ។
២-ទម្រង់លេងគ្រូបង្វឹកទាំងពីរ៖ ទម្រង់លេងរបស់លោក ប្រាក់ សុវណ្ណារ៉ា ជុំវិញការចាញ់ហ្សកដានី ១-០ គឺ ផ្ដោតសំខាន់ទៅលើប្រព័ន្ធការពារ បើទោះមានបាល់អាចវាយបកក៏កូនក្រុមរបស់លោកទាត់បាល់ឡើងមកលើ ដើម្បីយករួចខ្លួនសិនដែរ។ ទម្រង់លេងនេះបើទោះត្រូវបាន ហ្សកដានី នាំមុខ ១-០ ក៏ក្រុមកម្ពុជាគិតតែការពារបន្តទៀត ដោយបិទដៃគូមិនឲ្យបន្ថែមគ្រាប់បាល់រហូតដល់ចប់ការប្រកួត។
ទម្រង់លេងរបស់លោក Leonardo គឺចូលចិត្តលេងពីក្រោមឡើងមកលើ ព្យាយាមវាយសម្រុក ពិសេសគឺកីឡាករហ៊ានលេង។ ក្រោមការដឹកនាំរបស់លោក Leonardo គឺកូនក្រុមរបស់លោកតែងព្យាយាមវាយបកនៅពេលដៃគូធ្វើការនាំមុខ ឬបង្កើតការវាយបកនៅពេលមានបាល់លេង។ យ៉ាងណាមិញ ការលេងដូច្នេះ គឺធ្វើឱ្យកម្ពុជាចាញ់ការប្រកួតច្រើនគ្រាប់ បើប៉ះក្រុមខ្លាំង តួយ៉ាងដូចចាញ់ហ្សកដានី ៧-០ កាលពីជើងទី១កន្លងទៅ។
ក្នុងការប្រកួតសន្សំពិន្ទុ AFC Asian Cup នេះក្រុមកម្ពុជានៅសល់មួយប្រកួតចុងក្រោយដែលត្រូវតទល់ជាមួយ អាហ្វហ្គានីស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅទឹកដីរបស់ អាហ្វហ្គានីស្ថាន៕
ប្រភពពី: Sabay Sport