រហូតដល់ឆ្នាំ២០១៨នេះ កម្ពុជាធ្លាប់បានចូលរួមប្រកួតកីឡាទ្វីបអាស៊ី (Asian Games) ១២ដង និងឈ្នះមេដាយសរុប៩គ្រឿងគឺមាស៣ ប្រាក់២ និងសំរឹទ្ធ៤។ តើអត្តពលិកកម្ពុជារូបណាដែលក្លាយជាវីរបុរសរកបានមេដាយដំបូងគេឲ្យកម្ពុជាពីកីឡាទ្វីបអាស៊ីដែលមាន៤ឆ្នាំម្តងនេះ?
អតីតកីឡាករប្រដាល់សកលកម្ពុជា យូ ជិនហុង
កម្ពុជាបានបញ្ជូនកីឡាទៅចូលរួមប្រកួតកីឡាទ្វីបអាស៊ីលើកដំបូងនៅឆ្នាំ១៩៥៤ ដែលជាព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២ ប៉ុន្តែពុំទទួលបានមេដាយអ្វីឡើយ។ នៅឆ្នាំ១៩៥៨ កម្ពុជាបានបញ្ជូនកីឡាទៅចូលរួមប្រកួតជាលើកទី២ក៏មិនទទួលបានមេដាយអ្វីដែរ។
ឆ្នាំ១៩៦២ដែលជាការចូលរួមប្រកួតលើកទី៣ ទើបកម្ពុជាបានបំបែកកំណត់ត្រារបស់ខ្លួនដោយឈ្នះមេដាយសំរឹទ្ធ១គ្រឿង។ កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា យូ ជិនហុង បានក្លាយជាអត្តពលិកកម្ពុជាទី១ឈ្នះមេដាយកីឡាទ្វីបអាស៊ីក្នុងប្រវត្តិសាស្ត្រ។
សម័យខ្លាំង បាល់ទះនារីខ្មែរបំបាក់ប្រទេសណាខ្លះ ឈ្នះមេដាយសំរឹទ្ធអាស៊ី?
លោក យូ ជិនហុង បានប្រកួតឈ្នះពិន្ទុកីឡាករកូរ៉េខាងត្បូង Jo Pil-kyu នៅវគ្គ៨នាក់ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានចាញ់ពិន្ទុកីឡាករឥណ្ឌា Padam Bahadur Mall នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វីរបុរសកម្ពុជារូបនេះ និងកីឡាករហ្វីលីពីន Catalino Arpon ទទួលបានមេដាយសំរឹទ្ធដូចគ្នា។ ពេលនោះកីឡាករឥណ្ឌា Padam Bahadur Mall ឈ្នះមេដាយមាស បន្ទាប់ពីឈ្នះកីឡាករជប៉ុន Kanemaru Shiratori វគ្គផ្តាច់ព្រ័ត្រដែលឈ្នះមេដាយប្រាក់។
តារាងមេដាយកីឡាទ្វីបអាស៊ីកាលពីឆ្នាំ១៩៦២
ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ីកាលពីឆ្នាំ១៩៦២នោះរៀបចំធ្វើម្ចាស់ផ្ទះដោយប្រទេសឥណ្ឌូណេស៊ី និងមានប្រទេសអាស៊ីចំនួន១៧ចូលរួមប្រកួត។ ចំពោះកម្ពុជាបានបញ្ជូនអត្តពលិកចំនួន៧៤នាក់ចូលរួមប្រកួត។ ពេលនោះជប៉ុនឈ្នះមេដាយច្រើនជាងគេគឺ១៥២គ្រឿងក្នុងនោះមាស៧៣ ប្រាក់៥៦ និងសំរឹទ្ធ២៣។ កម្ពុជា អាហ្វហ្គានីស្ថាន និងវៀតណាមជាប្រទេសដែលរកបានមេដាយសំរឹទ្ធ១គ្រឿងដូចគ្នា៕
តើកម្ពុជាឈ្នះមេដាយកីឡាទ្វីបអាស៊ីប៉ុន្មានហើយគិតពីឆ្នាំ១៩៥៤?
Via :news.sabay