ក្រុមក្រសួងការពារជាតិ (ទ័ព) បានប្រើពេលរហូតដល់១២០នាទី ដើម្បីទម្លាក់ក្រុមណាហ្គាវើល ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញ ចំណែកក្រុមអង្គរថាយហ្គឺរ និងក្រុមប៉ូលិស ត្រូវប្រជែងគ្នា នៅល្ងាចម៉ោង ៦:៣០ ថ្ងៃអាទិត្យនេះ ដើម្បីរកក្រុមឈ្នះឡើងទៅជួបក្រុមទ័ព នៅវគ្គផ្តាច់ព្រ័ត្រ។
តាមរយៈការប្រកួតនៅពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃសៅរ៍នោះ ខ្សែការពារ ញឹម សុវណ្ណារ៉ា ទាត់ស៊ុតបាល់បញ្ចូលទីជួយឲ្យក្រុមណាហ្គាវើល នាំមុខមុនតាំងពីនាទីទី៩ តែខ្សែបម្រើ សុខ ហៀង បានស៊ុតតាមស្មើឲ្យក្រុមទ័ពវិញ នៅនាទីទី៣១។ រីឯការប្រកួតតង់ទី២ ក្រុមទាំង២ បានធ្វើការវាយបកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីទៀតនោះទេ។
ជាមួយការស្មើគ្នា ១-១ នេះបានធ្វើឲ្យក្រុមទាំង២ ឈានដល់ការប្រកួតនាទីបន្ថែម១៥នាទីទី២ដង ហើយនៅក្នុងរយៈពេល៣០នាទីនេះ ស ពិសិដ្ឋ បានតែតបាល់បញ្ចូលទីជួយឲ្យក្រុមទ័ព ២-១ វិញ មុនពេល ឈិន ឈឿន បានអូសបាល់រំលងខ្សែការពារទាំង២របស់ណាហ្គាវើល រួចស៊ុតបំប៉ោងសំណាញ់ទី ដើម្បីជួយឲ្យក្រុមទ័ពឈ្នះណាហ្គាវើល ៣-១។
ការទម្លាក់ក្រុមម្ចាស់ជើងឯករងឆ្នាំ២០១៧ ណាហ្គាវើល ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ថែមទៅលើការទម្លាក់ក្រុមម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង កាលពីវគ្គ៨ក្រុមនេះ បានជួយឲ្យក្រុមទ័ព ឡើងទៅកាន់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដោយពួកគេត្រូវរង់ចាំអ៊ុតមើលការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងក្រុមអង្គរថាយហ្គឺរ និងក្រុមប៉ូលិស នៅល្ងាចម៉ោង ៦:៣០ ថ្ងៃអាទិត្យ។
រវាងក្រុមប៉ូលិស និងអង្គរថាយហ្គឺរ គឺក្រុមឈ្នះត្រូវឡើងទៅជួបក្រុមទ័ព នៅវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតវគ្គ៨ក្រុមកន្លងមក ប៉ូលិស បានទម្លាក់ក្រុមយុវជនបាល់ទាត់ជាតិអាយុក្រោម១៨ឆ្នាំ ដោយការយកឈ្នះទាំង២ជើង ជាមួយលទ្ធផល ៣-០ និង ៦-១។ រីឯក្រុមអង្គរថាយហ្គឺរ បានទម្លាក់ក្រុមភ្នំពេញក្រោន ដោយបាល់ប៉េណាល់ទី ៤-៣ ព្រោះជើងទី២ ភ្នំពេញក្រោន បានឈ្នះ ៣-០ តែជើងទី២ អង្គរថាយហ្គឺរ បានវាយបកយកឈ្នះ ៤-១ ក្នុងនាទីបន្ថែម ១២០+៣ ធ្វើឲ្យក្រុមទាំង២មានគ្រប់បាល់ស្មើគ្នា ៤-៤៕