នៅទីបំផុត ក្រុមម្ចាស់ជើងឯក Bayon Wanderers និងក្រុមជើងឯករង២សម័យកាល Khmer United បានត្រឹមសម្តែងការខកចិត្តរៀងៗខ្លួន និងសល់ត្រឹមឱកាសប្រជែងយកពានតូច បន្ទាប់ពីក្រុម Avatar FC បានយកឈ្នះក្រុមយុវជនកំពង់ចាម ក្នុងការប្រកួតកាត់សេចក្តី កាលពីថ្ងៃអាទិត្យ ដើម្បីលើកពានធំ នៃការប្រកួតលីកខ្មែររៀលអ៊ីស្ទេត លើកទី៧ ឆ្នាំ២០១៨ (Khmer Real Estate League 2018)នោះ។

ការមានពិន្ទុប្រដេញគ្នា គឺ Avatar មាន៤៧ពិន្ទុ ខណៈ Bayon និង Khmer United មាន៤៦ពិន្ទុដូចគ្នា បានធ្វើឲ្យការប្រកួតកាត់សេចក្តីចុងក្រោយ ប្រចាំសប្តាហ៍ទី១៩ នៅលើទីលានដុនបូស្កូ កាលពីថ្ងៃសៅរ៍ និងអាទិត្យនោះ ពោរពេញទៅដោយការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈក្រុមយុវជនកំពង់ចាម ជាក្តីរំពឹងរបស់ក្រុម Khmer United និង Bayon ក្នុងការទម្លាក់ក្រុម Avatar។
ប៉ុន្តែក្តីសង្ឃឹមទាំងនេះ ត្រូវបានរលាយបាត់ទាំងស្រុង ព្រោះតាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ ក្រុម Avatar បានយកឈ្នះក្រុមយុវជនកំពង់ចាម ទាំងប្រផិតប្រផើយបំផុត គឺ ១-០ ហើយលទ្ធផលនេះ បានធ្វើជួយឲ្យក្រុម Avatar FC ក្លាយជាម្ចាស់ជើងឯក សម្រាប់ការប្រកួតនៅរដូវកាលទី៧ ឆ្នាំ២០១៨នេះ។

ចំណែកក្រុម Khmer United ដែលទទួលបាន៣ពិន្ទុបន្ថែម តាមរយៈការឈ្នះក្រុមកូនខ្មែរ ៣-០ ដោយស្វ័យប្រវត្តិនោះ បានត្រឹមចំណាត់ថ្នាក់លេខ២ ដូចការប្រកួតកាលពីឆ្នាំ២០១៧ដែរ ចំណែកក្រុមម្ចាស់ជើងឯកឆ្នាំ២០១៧ Bayon បានយកឈ្នះក្រុម Mambo PP ៤-២ ដើម្បីឈរនៅលេខ៣ មាន៤៩ពិន្ទុស្មើ Khmer United ដែរ តែមានគ្រាប់បាល់តិចជាង Khmer Uចំនួន៤គ្រាប់។

យ៉ាងណាក៏ដោយ ក្រុម Khmer United និង Bayon នៅសល់ឱកាសមួយទៀត គឺការប្រកួតប្រជែងដណ្តើមយកពានតូច Real Estate Cup 2018 ជាមួយក្រុម Blue Dragon និង Riel PP ព្រោះការប្រកួតប្រចាំសប្តាហ៍ទី១៩ចុងក្រោយនេះ Blue Dragon បានលត់ក្រុម HHK FC ៦-១ ដើម្បីឈរនៅលេខ៤ មាន៤២ពិន្ទុ ឯ Riel PP បានយកឈ្នះក្រុម RFL ២-០ ដើម្បីឈរនៅលេខ៥ មាន៤០ពិន្ទុ។

តាមរយៈការចាប់ឆ្នោត កាលពីថ្ងៃអាទិត្យនោះ ក្រុម Khmer United ត្រូវប្រកួតខ្វែងជាមួយក្រុម Blue Dragon ឯ Bayon Wanderers ត្រូវវិលទៅជួបក្រុមចម្រុះដោយបរទេសដូចគ្នា Reil PP ដែលការប្រកួតនេះ នឹងត្រូវធ្វើនៅថ្ងៃទី៩ ហើយក្រុមឈ្នះ ត្រូវឡើងទៅជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមយកពានតូចនេះ នៅថ្ងៃទី១៦ ខែកញ្ញានេះ។ ចំណែកក្រុម Avatar ក៏ត្រូវរងចាំលើកពានធំ ក្នុងពេលជាមួយគ្នានោះផងដែរ។

ផ្ទុយពីនេះក្រុមចំនួន១៥ទៀត មានក្រុមយុវជនកំពង់ចាម បាសាក់ យុវជនច្បាប់ ទន្សោងអេហ្វស៊ី RFL អាណាចក្រទួលគោក Giant FC, Mambo PP, HHK FC, Anvaya FC, យុវជនតាំងគោក V.Train យុវជនស្នោ កូនខ្មែរ និងក្រុមយុវជនវត្តកោះ ដែលជាបេក្ខភាព បានចូលរួមប្រកួតលីកខ្មែររៀលអ៊ីស្ទេត លើកទី៧ ឆ្នាំ២០១៨នេះដែរ គឺបានធ្លាក់ចេញពីការប្រកួតនេះដូចគ្នា៕