ម្ចាស់មេដាយមាសពីកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ គឺវិរកីឡាករ សាលី អ៊ូមើត និងវិរកីឡាការិនី ខាន់ ចេសា នឹងទទួលបានប្រាក់រង្វាន់បន្ថែមពីវិស័យឯកជនជាង២ម៉ឺនដុល្លារទៀត នៅថ្ងៃនេះ បន្ថែមទៅលើប្រាក់រង្វាន់តាមអនុក្រឹត្យ និងការឧបត្ថម្ភផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់ថ្ងៃចន្ទ។

តាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មដឹកនាំទៅចូលរួមប្រកួតកីឡាអាស៊ី លើកនេះ បានប្រាប់ថា ក្រុមហ៊ុនណាហ្គាវើលដ៍ នឹងផ្តល់ប្រាក់រង្វាន់ដល់ម្ចាស់មេដាយមាស សាលី អ៊ូមើត និង ខាន់ ចេសា ដែលនឹងត្រូវធ្វើនៅណាហ្គាវើលដ៍ នាល្ងាចម៉ោង ៥:៣០ ថ្ងៃពុធនេះ។

ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលជាដៃគូឧបត្ថម្ភមួយរបស់គណ:កម្មាធិការជាតិអូឡាំពិកកម្ពុជាច្រើនឆ្នាំមកហើយនោះ បានត្រៀមទឹកប្រាក់សរុប២៤៥០០ដុល្លារ សម្រាប់ផ្តល់ជូនដល់កីឡាករ សាលី អ៊ូមើត កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា និងផ្តល់ជូនដល់ NOCC ផងដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖«ចំពោះទឹកប្រាក់សរុបចំនួន២៤៥០០ដុល្លារនេះ គឺណាហ្គាវើលដ៍ នឹងផ្តល់ជូនកីឡាករម៉ូតូទឹក សាលី អ៊ូមើត ដែលដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ ចំនួន១៣០០០ដុល្លារ និងផ្តល់ជូនកីឡាការរិនី ខាន់ ចេសា ដែលឈ្នះបានមេដាយមាស១ ចំនួន១ម៉ឺនដុល្លារ។ ចំណែក NOCC ទទួលបាន១៥០០ដុល្លារ គឺមេដាយ១ ណាហ្គាវើលដ៍ ផ្តល់ជូន NOCC ៥០០ដុល្លារ»។

គួររំឭកថា នៅក្នុងពិធីសំណេះសំណាល់ នៅវិមានសន្តិភាព បន្ទាប់ពីការដង្ហែរក្បួន អមដោយម៉ូតូធំចំនួន៦គ្រឿង ចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃចន្ទ ម្សិលមិញ កីឡាករ សាលី អ៊ូមើត បានទទួលប្រាក់រង្វាន់តាមអនុក្រឹត្យសរុបចំនួន១០៤លានរៀល និងប្រាក់ឧបត្ថម្ភរបស់លោក ហ៊ុន សែន ចំនួន១៣០០០ដុល្លារ រីឯ ខាន់ ចេសា បាន៨០លានរៀល និងប្រាក់រង្វាន់របស់លោក ហ៊ុន សែន ចំនួន១ម៉ឺនដុល្លារ។

តាមរយៈការទទួលបានប្រាក់រង្វាន់តាមអនុក្រឹត្យ ព្រមទាំងប្រាក់របស់ផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី និងថវិកាឧបត្ថម្ភពីវិស័យឯកជន គឺណាហ្គាវើល នៅល្ងាចថ្ងៃពុធនេះ បានធ្វើឲ្យប្រាក់រង្វាន់សរុបដែល សាលី អ៊ូមើត ទទួលបានមានចំនួនដល់១៩៦លានរៀល ចំពោះការឈ្នះបានមេដាយមាស១ និងសំរឹទ្ធ១ពីការប្រកួតកីឡាអាស៊ី របស់គេលើកនេះ ឯ ខាន់ ចេសា បានប្រាក់រង្វាន់សរុបចំនួន១៦០លានរៀល៕