លោក Marcello Lippi គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិចិន បានដាក់ឲ្យក្រុមកីឡាកររបស់លោកឆ្លងផុតការហ្វឹកហាត់ដ៏តានតឹងរយៈពេល១ខែពេញ នៅមុនពេលយុទ្ធនាការ Asian Cup ប៉ុន្តែ គ្រូបង្វឹកដ៏ឆ្នើមសញ្ជាតិអ៊ីតាលីរូបនេះ នឹងត្រូវតែបង្កើតរឿងដ៏ពិសេស ប្រសិនបើក្រុមកីឡាកររបស់លោកចង់ក្លាយជាគូប្រជែងដ៏ខ្លាំងក្លា។

លោក Lippi ហាក់នឹងត្រូវចាកចេញពីការងារដែលផ្តល់ចំណូលដ៏ខ្ពស់របស់លោក នៅពេលដែលកិច្ចសន្យារបស់លោកផុតកំណត់ ក្រោយពីយុទ្ធនាការ Asian Cup ក្នុងប្រទេសអ៊េមីរ៉ាតអារ៉ាប់រួម ដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍នេះ ហើយស្ថិតក្នុងវ័យ៧០ឆ្នាំ ការបញ្ចប់អាជីពជាគ្រូបង្វឹក កំពុងតែស្ថិតក្នុងចិត្តរបស់លោក។ គ្រូបង្វឹករូបនេះ ចង់បន្ថែមពាន Asian Cup ក្នុងកំណត់ត្រាជាអ្នកចាត់ការទូទៅរបស់លោក ខណៈដែលលោកបានឈ្នះពាន World Cup កាលពីឆ្នាំ២០០៦រួចជាស្រេច ក៏ដូចជាពានក្របខ័ណ្ឌ Champions League និងពានក្របខ័ណ្ឌលីកអ៊ីតាលី ចំនួន៥លើក ជាមួយនឹងក្លិប Juventus។

លោក Lippi ក៏បានឈ្នះពានក្របខ័ណ្ឌចិន Super League ចំនួន៣លើកជាប់ៗគ្នាជាមួយនឹងក្លិប Guangzhou Evergrande ផងដែរ ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤។ ប៉ុន្តែ ការដឹកនាំរយៈពេល២ឆ្នាំរបស់លោកក្នុងក្រុមជម្រើសជាតិ មិនបានផ្តល់ជោគជ័យដ៏គួរឲ្យកត់សម្គាល់ឡើយ។ រដ្ឋាភិបាលចិន កំពុងតែជះប្រាក់ដ៏ច្រើននៅលើកីឡាបាល់ទាត់យុវជន ប៉ុន្តែ ក្រុមរបស់លោក Lippi គឺជាក្រុមមានធនធានមានកម្រិត និងជាក្រុមប្រជុំដោយកីឡាករជើងចាស់ក្នុងយុទ្ធនាការនេះ។ ការត្រៀមលក្ខណៈរបស់ពួកគេនៅប្រទេសអ៊េមីរ៉ាតអារ៉ាប់រួម ត្រូវបានធ្វើឲ្យស្មុគស្មាញដោយសារតែរបួសកីឡាករ ស្របពេលបញ្ហាជំងឺផ្តាសាយក៏បានវាយប្រហារក្នុងក្រុមរបស់លោកផងដែរ។ ចិន ស្ថិតក្នុងពូល C រួមជាមួយនឹងកូរ៉េខាងត្បូង គៀហ្ស៊ីគីស្ថាន និងហ្វីលីពីន ហើយពួកគេនឹងធ្វើការប្រកួតបើកឆាករបស់ពួកគេនៅថ្ងៃចន្ទ ដោយត្រូវប៉ះជាមួយគៀហ្ស៊ីគីស្ថាន៕

ប្រភព៖ Sport24