ទំព័រថ្មីនៃព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ដណ្ដើមខ្សែក្រវាត់ភេសជ្ជៈប៉ូវកំលាំងខារ៉ាបាវ បានចាប់ផ្ដើមរដូវកាលថ្មីលើប្រភេទទម្ងន់ 67គីឡូក្រាមនៅថ្ងៃអាទិត្យម្សិលម៉ិញនេះ នៅសង្វៀនស្ទឹងមានជ័យរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន។
ក្រោមការឧបត្ថម្ភរយៈពេល 5រដូវកាលកន្លងមករបស់ខារ៉ាបាវ ការប្រកួតមួយពីមួយរដូវកាលទៅមួយរដូវកាល កាន់តែមានការគាំទ្រពីសំណាក់អ្នកស្នេហាប្រដាល់គុនខ្មែរ ដែលជំរុញឲ្យស្ថានីយទូរទស្សន៍បាយ័នសហការ ជាមួយសហព័ន្ធកីឡាប្រដាល់គុខខ្មែរសំរេចបង្កើត ឲ្យមានការប្រកួតដណ្ដើមខ្សែក្រវាត់រដូវកាលទី6 នេះលើប្រភេទទម្ងន់ 67គីឡូក្រាម ដែលមានការប្រកួតប្រជែងពីកីឡាករកម្ពុជា 4រូប និងកីឡាករថៃ 4រូប។ បេក្ខភាពទាំងបួនរូបរបស់កម្ពុជារួមមាន៖ ខាំ ផាន់នី មកពីក្លិបដីឡូដ៍មានរិទ្ធិខេត្តបន្ទាយមានជ័យ, ឡៅ ចន្ទ្រា មកពីក្លិបកងទ័ពឆ័ត្រយោង 911, ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សកីឡា, មាជ សុខរ៉ា មកពីក្លិបថ្មគោលខណ្ឌពោធិសែនជ័យ។ ចំណែកបេក្ខភាពកីឡាករថៃរួមមាន៖ កេងកាត វ៉ សួងងើន, ក្រៀងក្រៃ ត សីលាឆៃ, ផេត ឆាតឆៃ និង ក្លាឃុនសឹក។ កីឡាករកម្ពុជា 4 និងថៃ 4 នឹងត្រូវប្រកួតខ្វែងពូលគ្នាសន្សំពិន្ទុ ក៏ប៉ុន្តែក្នុងករណីពូលដែលគ្មានកីឡាករណាឈ្នះមួយប្រកួតសោះ មិនអនុញ្ញាតឲ្យឡើងវគ្គ 4នាក់ចុងក្រោយឡើយ ពោលគឺជំនួសវិញដោយពូលម្ខាងទៀត ដែលមានអ្នកឈ្នះទោះឈរលេខ3 រឺ លេខ4 ក្នុងពូលក៏ដោយ នេះបើតាមការបញ្ជាក់ពីលោក នាង ស៊ីវុត្ថា ប្រធានផ្គូផ្គងកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័ន។
ក្នុងការប្រកួតបើកឆាក 2គូល្ងាចម្សិលម៉ិញ ខាំ ផាន់នី បានចាញ់កីឡាករថៃ កេងកាត ដោយពិន្ទុ ខណៈ ឡៅ ចន្ទ្រា យកឈ្នះកីឡាករថៃ ក្រៀងក្រៃ ដោយពិន្ទុ។ សំរាប់សប្ដាហ៍ក្រោយ ពុធ ឆាយរិទ្ធី នឹងជួបកីឡាករ ផេត ឆាតឆៃ ខណៈ មាជ សុខរ៉ា ជួប ក្លាឃុនសឹក។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំងឈានមុខគេនៅកម្ពុជា ខារ៉ាបាវនៅតែបន្តឧបត្ថម្ភទឹកប្រាក់ 1លានរៀលដដែលដល់អ្នកឈ្នះរៀងរាល់សប្ដាហ៍មិនថា កីឡាករកម្ពុជា រឺថៃ៕
Credit: BTV
ប្រដាល់គុនខ្មែរខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៧គីឡូក្រាម កម្ពុជាឈ្នះមួយ និងចាញ់មួយ
អត្ថបទទាក់ទង