ក្រុមកីឡាករ កីឡាការិនីល្បុក្កតោជិត៣០០នាក់ មានពីគ្រប់ទិសទី នឹងត្រូវបែងចែកគ្នាទៅតាមក្រុម ដើម្បីទៅសម្តែង ជាលក្ខណៈស្ម័គ្រចិត្ត នៅតាមខេត្តជាច្រើន នៅក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីឲ្យមហាជន បានទស្សនាកម្សាន្ត។

ការបែងចែកទៅសម្តែង ទៅតាមខេត្តជាច្រើន នៅក្នុងបុណ្យចូលឆ្នាំខ្មែរនេះ អាចនិយាយបានថា វាជាដំណាក់កាលផ្សព្វផ្សាយរបស់ក្រុមល្បុក្កតោ ដើម្បីបញ្រ្ជាបក្បាច់គុន ជាមរតកដូចខ្មែរមួយនេះ ទៅតាមភូមិ ឃុំ ស្រុក និងខេត្តផ្សេងៗ នៅក្នុងព្រះរាជណាចក្រកម្ពុជា ជាលើកដំបូង ព្រោះ៣ឆ្នាំកន្លងមកនេះ ក្រុមល្បុក្កតោ បានទៅប្រមូលផ្តុំគ្នា សម្តែង តែនៅក្នុងអង្គរសង្រ្កាន ក្នុងខេត្តសៀមរាប។

លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានប្រាប់ថា រយៈពេល៣ឆ្នាំកន្លងមក កីឡាគុនល្បុក្កតោ បានប្រមូលផ្តុំគ្នាជាច្រើនរហូតដល់ជាង៣០០នាក់ ដើម្បីសម្តែងនៅអង្គរសង្រ្កាន ប៉ុន្តែនៅថ្ងៃចូលឆ្នាំ ចំនួន៣ថ្ងៃ ពីទី១៤ ដល់១៦ ខែមេសានេះ គឺក្រុមល្បុក្កតោ បានចេញទៅតាមខេត្តជាច្រើន។

លោកបានបន្ថែមថា៖«សម្រាប់ការចេញទៅសម្តែងនេះ គឺមានខេត្តចំនួន៨ បានអញ្ជើញកីឡាល្បុក្កតោពីសហព័ន្ធរបស់យើង ទៅសម្តែង ដោយមានចំនួនអត្តពលិកសរុបជាង២៥០នាក់ទៅហើយ ហើយចំនួននេះ នៅមិនទាន់គិតទៅលើចំនួនអត្តពលិកល្បុក្កតោស្ម័គ្រចិត្ត ដែលនឹងត្រូវសម្តែង នៅតាមសង្គ្រានមួយចំនួនទៀត ទៅតាមការរៀបចំរបស់សហគមន៍ ឬមណ្ឌលកម្សាន្តនានាផង»។

អគ្គលេខាធិការវ័យក្មេងរូបនេះ លោកបញ្ជាក់ថា៖«តាមការអញ្ជើញជាផ្លូវការពីខេត្តមួយចំនួន ដែលសហព័ន្ធកីឡាល្បុក្កតោ ជួយសហការទៅសម្តែង មានខេត្តព្រៃវែង ខេត្តរតនៈគីរី ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យខេត្តកំពង់ស្ពឺ និងនៅរាជធានីភ្នំពេញចំនួន៤កន្លែង ហើយការសម្តែងនេះ គឺទាំងគ្រូ និងសិស្សនៃកីឡាល្បុក្កតោ សុទ្ធតែស្ម័គ្រចិត្តទាំងអស់ ប៉ុន្តែពួកគាត់ ក៏ទទួលបាននូវការឧបត្ថម្ភជាម្ហូបអាហារពីអ្នករៀបចំកម្មវិធី សម្រាប់ការចេញទៅសម្តែងនេះផងដែរ»៕