លោក​ ជា រិទ្ធ​ ​​​​គ្រូ​បង្វឹក​​​​ប្រចាំ​ក្លឹប​អាណា​ចក្រ​ប្រយុទ្ធ​​​ក្នុង​ខេត្ត​សៀមរាប​​ពេល​បច្ចុប្បន្ន​នេះ​បាន​ប្រែ​ក្លាយ​ខ្លួន​ពី​​​​​សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ភាសា​អង់គ្លេស​​ដែល​​បាន​​បញ្ចប់​អនុបណ្ឌិត​​​​​ផ្នែក​អក្សរសាស្ត្រ​​ភាសា​អង់គ្លេស​នៅ​​សាកល​វិទ្យាល័យ​ន័រតុន​នោះ​ ​ក្លាយ​ជា​គ្រូ​បង្វឹក​ប្រដាល់​​​ដ៏​មាន​ឈ្មោះ​​បោះ​សំឡេង​​នៅ​ក្នុង​ស្រុក។​ ​​​ពេល​នេះ​លោក​មាន​ កូន​ សិស្ស​លេច​ធ្លោ​មួយ​ចំនួន​ដូច​ជា​ គង់​ សំបូរ,​ ឫទ្ធ សាស្ត្រាវុធ ​និង ​ឆោម ប៊ុនឡុង ​ជា​ដើម។ គង់ សំបូរ​ បាន​​ឡើង​ប្រកួត​លើ​សង្វៀន​ One Championship ​និង​ ​ឡើង​ប្រកួត​ញឹកញាប់​នៅ​តាម​សង្វៀន​ទូរទស្សន៍​នានា។

ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នេះ​ សំបូរ ​​បាន​យក​ឈ្នះ ពុយ វណ្ណៈ​ ដោយ​ពិន្ទុ​ដើម្បី​ឈ្នះ​ពាន​​ និង​ប្រាក់​រង្វាន់ ​៤០០ ​ដុល្លារ​អាមេរិក​នៅ​ខេត្ត​ព្រៃវែង។​ ​​​រីឯ​ អ្នក​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ថ្មី​ៗ​នេះ​​​ម្នាក់​ទៀត​គឺ ​ឫទ្ធ សាស្ត្រាវុធ ​ដែល​ទើប​ឈ្នះ​ សឿន ថៃសាន្ត​ ​ក្នុង​​កម្មវិធី​ប្រដាល់​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ថ្មី​ដូច​គ្នា។​ ​ចំណែក ឆោម ប៊ុនឡុង​ ​ក៏​ទស្សនិកជន​​ចាប់​ផ្ដើម​ស្គាល់​ជា​​ច្រើន​ដែរ​ តាម​រយៈ​ ការ​ឈ្នះ​ ឡុង​ ណងសៅ​​ និង ឈ្នះ​ការ​ប្រកួត​ជា​ច្រើន​ទៀត​​តាម​សង្វៀន​ទូរទស្សន៍។

​មូល​ហេតុ​នាំ​ឲ្យ​លោក ជា រិទ្ធ ​​ក្លាយ​ជា​គ្រូ​បង្វឹក​​ព្រោះ​តែ​រូប​​លោក​ក៏​ជា​អតីត​កីឡាករ​​​ប្រដាល់​នា​ទសវត្សរ៍​៩០ ​ដែល​រូប​លោក​ធ្លាប់ ​ប្រកួត​ទល់​នឹង​ នួន​ បូរ៉ា និង​ គឹម​ ចាន់ធឿន​ ជា​ដើម។ ​លោក​នៅ​ចាំ​បាន​ថា​ លោក​ឡើង​ប្រកួត​លើ​រេញ​ផ្លូវ​​ការ​បាន​​ចំនួន​៤​ដង ជា​​ពិសេស​ការ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ហ៊ុន សែន ​ឆ្នាំ​ ១៩៩៧។​ ​ប៉ុន្តែ​​បើ​គិត​អំពី​​ការ​ឡើង​ប្រកួត​​ក្នុង​​កម្មវិធី​បុណ្យ​នានា​ ​​​​​​សាស្ត្រាចារ្យ​ភាសា​អង់គ្លេស​រូប​នេះ​ ធ្លាប់​ឡើង​សង្វៀន​បាន​ជាង​២០​ដង​​​ដែរ​ដើម្បី​យក​​កម្រៃ​ទៅ​​​​ចាយ​វាយ​​ក្នុង​​ការ​សិក្សា។​

ជា រិទ្ធ​ ​​​​ដោយ​ក្ដី​ស្រលាញ់​វិស័យ​ក្បាច់​គុន​ ​ហើយ​​ ធ្លាប់​ហាត់​គុន​ខ្មែរ តេក្វាន់ដូ និង វូស៊ូ​ ​គួប​ផ្សំ​នឹង​ការ​ស្រាវជ្រាវ​​ក្បាច់​គុន​ជា​ច្រើន​ផង​នោះ​ ​​​​កូន​សិស្ស​លោក​ទឹម ម៉ៃទី​ ​ក៏​សម្រេច​បើក​ក្លិប​ប្រដាល់​ ​គុហា​ព្រហ្មជ័យ​ នៅ​ខេត្ត​សៀមរាប ​ដែល​មាន​កូន​សិស្ស ៤ ទៅ​ ៥ នាក់​ តាំង​ពី​ឆ្នាំ​ ២០១៣​ មុន​ពេល​​ទទួល​បាន​​​សេច​ក្ដី​ទុក​ចិត្ត​​ឲ្យ​ចូល​បង្ហាត់​នៅ​ក្លិប​ប្រដាល់​អាណា​​ចក្រ​ប្រយុទ្ធ​​ជាង​ ១​ ឆ្នាំ​មក​នេះ៕
​​