ក្រុមម្ចាស់ជើងឯករង២សម័យកាល Khmer United A បានបើកផ្លូវយ៉ាងធំមួយ សម្រាប់ធ្វើការផ្លាស់ប្តូរ តំបន់កំពូលតារាង នៃពានពាក់កណ្តាលអាជីព Keller Williams Cambodia League 2019 សម្រាប់ការប្រកួតជាបន្តទៀត ខណៈពួកគេ បានបង្អាក់ដំណើរក្រុមមិនទាន់ស្គាល់ការចាញ់ Riel Phnom Penh មិនឲ្យមានពិន្ទុដាច់ឆ្ងាយ ពីក្រុមឈរនៅលេខ២ទៀតនោះ។
តាមរយៈការប្រកួត កាលពីថ្ងៃអាទិត្យ ម្សិលមិញនោះ ក្រុម Khmer United A បានធ្វើឲ្យក្រុម Riel PP បានស្គាល់លទ្ធផលស្មើ ជាលើកដំបូង ខណៈការប្រកួតយ៉ាងស្វិតស្វាញរបស់ក្រុមទាំង២ បានត្រឹមស្មើគ្នា ២-២ នោះ ប៉ុន្តែ Khmer United មិនសប្បាយចិត្តចំពោះលទ្ធផលនេះទេ ព្រោះការទទួលបាន១ពិន្ទុនេះ វាបានធ្វើឲ្យពួកគេ កាន់តែបាត់ឱកាស ក្នុងការប្រជែងយកពាន ព្រោះពេលនេះ Khmer United មានត្រឹម១៧ពិន្ទុ និងបានធ្លាក់ពីលេខ៤ ទៅឈរនៅលេខ៦ បាត់ទៅហើយ។
ចំណែកក្រុម Riel PP នៅតែអាចឈរនៅលេខ១ដដែល ប៉ុន្តែកំពូលតារាងរបស់ក្រុមនេះ កំពុងតែមានភាពរង្គោះរង្គើ ឬក៏អាចផ្លាស់ប្តូរម្ចាស់ នៅសប្តាហ៍ទីបន្ទាប់ ព្រោះការទទួលបានត្រឹម១ពិន្ទុ និងមាន២២ពិន្ទុរបស់ Riel PP បានធ្វើឲ្យក្រុមឈរនៅលេខ២ ISI Group United មាន២២ពិន្ទុស្មើហើយ បន្ទាប់ពីពួកគេបានលត់ក្រុម Sen Sok Empire ៧-០ នៅសប្តាហ៍នេះ គឺមានន័យថា ISI បានចាញ់ប្រៀប Riel PP ត្រឹមគ្រាប់បាល់ចំណេញប៉ុណ្ណោះ។
ជាមួយគ្នានេះក្រុមម្ចាស់ជើងឯក ឆ្នាំ២០១៨ Avatar ដែលបានធ្លាក់ចេញពីកំពូលតារាង កាលពីសប្តាហ៍ទី៣នោះ ក៏អាចនឹងមានសង្ឃឹមឡើងវិញ ក្នុងការប្រជែងយកតំបន់កំពូលវិញផងដែរ ព្រោះលើកនេះពួកគេ បានបន្តយកឈ្នះក្រុម Khmer United U22 ក្នុងលទ្ធផល ៣-១ ដើម្បីមាន២១ពិន្ទុ និងបន្តឈរនៅលេខ៣ ដោយតាមពីក្រោយដោយក្រុម Bayon ដែលមាន១៨ពិន្ទុ ក្រោយឈ្នះក្រុមគ្រួសារកីឡាករតាំងគោក ១៣-១។
ចំណែកក្រុមទើបឡើងមកឈរនៅលេខ៥ បាសាក់ ក៏មាន១៨ពិន្ទុផងដែរ ព្រោះនៅសប្តាហ៍នេះ ពួកគេបានបន្តយកឈ្នះក្រុមទន្សោង ៣-០ ស្របពេលក្រុម Khmer United B បានស្មើគ្នា ៣-៣ ជាមួយក្រុម ATK។ រីឯក្រុម Mambo PP បានយកឈ្នះក្រុម Home Sport ៤-០ ហើយក្រុម Sniper ត្រូវបានកំណត់ឲ្យឈ្នះក្រុមបោះបង់ចោលការប្រកួត Anvaya ៣-០ ដោយស្វ័យប្រវត្តិ៕
ក្រុម Khmer United បង្អាក់ដំណើរ Riel PP ដើម្បីបើកផ្លូវឲ្យមានការប្រជែងយកលេខ១
អត្ថបទទាក់ទង