ក្រុមការងារ និង ក្រុមគ្រូបង្វឹកនៅ LLFitness ជាអ្នកនៅពីក្រោយខ្នងសំខាន់បំផុតដែលជំរុញឲ្យ ចាន់ រតនា ទទួលបានជោគជ័យជាបន្តបន្ទាប់នៅសង្វៀន ONE Championship។ ម្ចាស់ក្លិប «សិល្បៈ» ទទួលបានការហ្វឹកហាត់ផ្នែកកម្លាំង និង កាយសម្បទាយ៉ាងដិតដល់ពីសំណាក់ LLFitness ជារៀងរាល់ថ្ងៃ និង មុនចេញទៅប្រកួតលើឆាកអន្តរជាតិ។ ដ្បិត ចាន់ រតនា វ័យ៣៣ ឆ្នាំប៉ុន្តែ អាជីពប្រកួតលើសង្វៀន ONE នៅតែទទួលបានលទ្ធផលល្អជាបន្តបន្ទាប់ជាពិសេសរូបគេទើបឈ្នះកីឡាករគុនចម្រុះឥណ្ឌូណេស៊ី Rudy Agustian នៅសង្វៀន ONE :FOR HONOR កាលដើមខែ ឧសភា នេះនៅប្រទេសឥណ្ឌូណេស៊ី។
ចាន់ រតនា បង្ហើបថា៖« គ្រូបង្វឹក Lorenzo Lanzafame និងក្រុមការងារ នៅ LLFitness បានរួមចំណែកយ៉ាងធំធេងដល់ជ័យជម្នះរបស់ខ្ញុំរៀងរាល់ការប្រកួត។ ខ្ញុំបានហ្វឹកហាត់ជាមួយពួកគាត់តាំងពីខ្ញុំឈានជើងចូលប្រកួតដាក់ទ្រុងនៅស្រុកខ្មែរជាលើកទី២ម៉្លេះ ដែលកាលនោះ ONE គេរៀបចំនៅស្រុកកម្ពុជា។ Lorenzo បង្ហាត់ផ្នែកកម្លាំង កាយសម្បទា និង កម្លាំងស៊ុហ្វដល់ខ្ញុំ។ ហើយការបង្ហាត់នេះគឺអត់គិតថ្លៃទេ គាត់បានជួយខ្ញុំច្រើនជាពិសេសឲ្យខ្ញុំរក្សាកម្លាំងបានល្អមកដល់សព្វថ្ងៃទោះវ័យកាន់តែទៅមុខ»។
កីឡាករយុទ្ធគុនខម, គុនខ្មែរ និង គុនចម្រុះរូបនេះគូសបញ្ជាក់ទៀតថា គ្រូ និង ក្រុមការងារ LLFitness មិនត្រឹមតែបង្ហាត់នៅស្រុកខ្មែរទេ ប៉ុន្តែថែមទាំងទៅជួយឲ្យទឹកពេលរូបគេឡើងរេញម្ដងៗនៅក្រៅប្រទេស។ មុនពេលឡើងរេញក្រុមការងារជួយសម្រួលសរសៃ និង ប្រើម៉ាស៊ីនម៉ាស្សាសាច់ដុំមុនពេលឡើងវៃជាដើម។ ជាធម្មតាមុនពេលប្រកួតគេអាចប្រើម៉ាស៊ីនម៉ាស្សាបានដើម្បីឲ្យសាច់ដុំដើរស្រួល ហើយ ឧបករណ៍សំខាន់ទាំងនេះសុទ្ធទទួលបានការឧបត្ថម្ភពី LLFitness។
តារាប្រចាំសង្វៀន ONE សង្កត់ធ្ងន់ថា ៖«ពីមុនខ្ញុំគ្រាន់តែហ្វឹកហាត់ជាមួយគាត់ជាប្រចាំ ប៉ុន្តែឥឡូវនេះយើងសហការគ្នាធ្វើការងារទាំងផ្នែកកម្លាំង និង ក្បាច់គុនខ្មែរ។ បើគេចង់ហាត់ផ្នែកកម្លាំង ធ្វើឲ្យរាងកាយមាំមួនគឺត្រូវទៅ LLFitness នៅក្នុង SuperFit ។ ប៉ុន្តែបើគេចង់ហាត់គុនខ្មែរ គឺ ខ្ញុំអ្នកបង្ហាត់។ ខ្ញុំនិងLorenzo បានរៀបចំកម្មវិធីហ្វឹកហាត់មិនជាន់គ្នាទេ។ ពួកយើងបានធ្វើការជាមួយគ្នាបានជាង ១ ខែមកហើយ។ នេះជាឱកាសល្អសម្រាប់កូនសិស្សនៅ LLFitness ដែលចង់ហាត់ក្បាច់គុន ផ្នែកកម្លាំង និង ផ្នែកកាយសម្បទា»។
គិតត្រឹមពេលនេះ ចាន់ រតនា ឡើងសង្វៀនគុនចម្រុះបានចំនួន ៩ ដង ក្នុងនោះឈ្នះ ៦ ដង និង ចាញ់៣ដង។ អ្វីគួរឲ្យកត់សម្គាល់ អ្នកលេងគុនចម្រុះតំណាងឲ្យកម្ពុជារូបនេះឈ្នះពីរលើកជាប់គ្នាលើកីឡាករល្អរបស់ ឥណ្ឌូណេស៊ី Abrou Fernandes កាលខែ ធ្នូ ឆ្នាំ ២០១៨ មុនឈ្នះ Rudy Agustian នាដើមខែ ឧសភា នេះនៅសង្វៀន ONE:FOR HONOR នាប្រទេសឥណ្ឌូណេស៊ី។ ក្នុងជ័យជម្នះពីរលើកជាប់គ្នាបែបនេះ រូបគេធ្លាប់ធ្វើបានម្ដងរួចហើយនៅសង្វៀន ONE ពោល ឈ្នះ Ramon Gonzales នៅដើមឆ្នាំ ២០១៥ និង ឈ្នះ មិត្តរួមជាតិ សំអាង ឌុន នៅចុងឆ្នាំ ២០១៥៕
អត្ថបទ៖ ស៊ីធី Credit: Khmer Komlang