យោងគេហទំព័រ ESPN បានបញ្ចញតារាងឈ្មោះកីឡាករបាល់ទាត់ឆ្នើមទាំង 10រូបដែលអាច បញ្ចប់ការគ្រងដំណែងបាល់មាស (Ballon D’or) របស់កំពូលកីឡាករឆ្នើមលំដាប់ពិភពលោកគឺ Ronaldo និង Lionel Messi ដែលបានកាន់កាប់ឆ្លាស់គ្នាបានម្នាក់ 5សម័យអស់រយៈពេល 10ឆ្នាំកន្លងមក គិតចាប់តាំងពីឆ្នាំ2008 ។ កីឡាករ Ricardo Kaka បានលើកពាន Ballon D’or នេះជាលើកចុងក្រោយនៅថ្ងៃទី2 ខែធ្នូ ឆ្នាំ2007 មុនពេលចាប់ផ្តើមសករាជរបស់កីឡាករទាំងពីរ។

ខាងក្រោមនេះគឺជាបេក្ខភាពកីឡាករទាំង 10រូបដែលអាចមានឪកាសលើកពានបាល់(Ballon D’or)ជាលើកដំបូងក្នុងអាជីព របស់ខ្លួនហើយអាច នឹងបញ្ចប់រជ្ជកាលអស់រយៈពេល 1ទសវត្សរបស់ Ronaldo និង Messi បាន។

1.Neymar

កំពូលកីឡាករខ្សែប្រយុទ្ធស្លាបកំនត់ត្រាថ្លៃបំផុតលើលោករូបនេះ បានផ្ទេរពីក្រុម Barcelona មក PSG ដើម្បីគេចចេញពីការលេងក្រោយស្រមោលរបស់សិស្សច្បង Messi និងបានបង្ហាញទម្រង់លេងល្អ ជួយអោយក្រុម PSG កំពុងឈរកំពូលតារាង Ligue1 ព្រមជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទីបាន 15គ្រាប់ និងAssist បាន 11គ្រាប់ សម្រាប់ការប្រកួត 17ប្រកួតកន្លងមក។

2.Paul Pogba

កីឡាករខ្សែបម្រើបារាំងតម្លៃខ្លួន 89លានផោន កំនត់ត្រាថ្លៃបំផុតទី3 លើកលោកក្នុងពិភពបាល់ទាត់មួយនេះ បានផ្ទេរពីក្រុម Juventus មក Man.United កាលពីរដូវកាលមុន និងបានជួយក្រុមលើកពាន 2ក្នុងមួយរដូវកាល។

3.Paulo Dybala

ខ្សែប្រយុទ្ធស្លាបវ័យក្មេងរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនមានជំនាញជើងឆ្វេងរូបនេះ បានផ្ទេរពីក្រុម Palemo មក Juventus និងបានជួយក្រុមលើកពាន SerieA ពីររដូវកាល(2015-2016)&(2016-2017) ព្រមទាំងបានជួយក្រុម Juventus ឈានមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champion League នារដូវកាលមុនផងដែរ។

4.Kevin De Bruyne

ខ្សែបម្រើកំពុងឡើងជើងសញ្ជាតិបែលហ្សិកដែលបានជួយក្រុម Man.City នាំមុខតារាង Premier League រដូវកាលនេះបាន បានក្លាយជាកីឡាករនាំលេង(Play Maker) ដែលធ្វើបាន Assist លេចធ្លោ និងល្អបំផុតក្នុងពេលបច្ចុប្បន្ននេះនៅក្របខណ្ឌកំពូល Premier League អង់គ្លេស។

5.Antoine Griezmann

ខ្សែប្រយុទ្ធជួរមុខរបស់ក្រុម At.Madrid និងក្រុមជម្រើសជាតិបារាំងរូបនេះ ក៏បានបង្ហាញទម្រង់លេងល្អដល់ចំនុចកំពូលនាពេលបច្ចុប្បន្ន និងកំពុងជាទីចាប់អារម្មណ៏ចង់បានពីក្លឹបធំៗជាច្រើននៅតំបន់អឺរ៉ុប។

6.Marco Asensio

ខ្សែបម្រើវ័យក្មេងរបស់ក្រុមស្តេចស Real Madrid រូបនេះ បានបង្ហាញទម្រង់លេងល្អ និងលេចធ្លោចាប់តាំងពីដើមរដូវកាល ពោលគឺនៅកំលុងពេលប្រកួត Spanish Cup(ពានបើករដូវកាល)ដែលរូបគេស៊ុតបាល់បញ្ចូលទីក្រុម Barcelona។

7.Kylian Mbappe

ខ្សែបម្រើវ័យក្មេងកំពុងមានអនាគតវែងឆ្ងាយវ័យទើបតែ 18ឆ្នាំរូបនេះ បានព្រមព្រៀងផ្ទេរពីក្រុម Monaco ក្រោយជួយក្រុមនេះលើកពាន Ligue1 រដូវកាលមុន មកចូលរួមជាមួយ PSG ក្នុងលក្ខណ្ឌខ្ចីជើង 1រដូវកាល ។ ប៉ុន្តែ Mbappe នៅតែធ្វើបានល្អ និងបច្ចុប្បន្នបានជួយក្រុម PSG នាំមុខតារាង Ligue1 រដូវកាលនេះ។

8.Harry Kane

ខ្សែប្រយុទ្ធ និងត្រូវបានចាត់ទុកថាជាគ្រាប់ពេជ្រដ៏មានតម្លៃរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានជួយក្រុមជម្រើសជាតិអង់គ្លេសមានកៅអីមួយទៅវគ្គផ្តាច់ព្រ័ត្រ World Cup 2018 និង បានជួយក្រុម Tottenham ឈានដល់វគ្គ 16ក្រុមចុងក្រោយពានរង្វាន់ Champion League។

9.Eden Hazard

Hazard នៅតែជាកីឡាករនាំលេង(Play Maker) របស់ក្រុម Chelsea បានជួយក្រុមលើកពានកំពូលអង់គ្លេស នៅរដូវកាលមុន និងទើបតែបានជួយក្រុមជម្រើសជាតិបែលហ្សិកមានកៅអីមួយទៅវគ្គផ្តាច់ព្រ័ត្រពាន World Cup 2018 នាឆ្នាំក្រោយផងដែរ។

10.Isco Alacon

ខ្សែបម្រើក្រុមជម្រើសជាតិអេស្បាញរូបនេះ បានជួយក្រុម Real Madrid លើកពាន La Liga និង Champion League 2សម័យកាលជាប់គ្នា ព្រមទាំងបានជួយក្រុមជម្រើសជាតិអេស្បាញបានទៅលេង វគ្គផ្តាច់ព្រ័ត្រ World Cup 2018 នៅប្រទេសរុស្សីផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ soccerladuma