ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៨ឆ្នាំ នឹងត្រូវប្រកួតបើកឆាក ជាមួយក្រុមU18 អូស្រ្តាលី ក្នុងការប្រកួតបើកឆាកប្រចាំពូលB នៃពានរង្វាន់ AFF U18 Championship 2019 នៅលើទឹកដីប្រទេសវៀតណាម នៅរសៀលម៉ោង ៤:៣០ ថ្ងៃពុធនេះ ដើម្បីស្វែងរកក្រុមឈ្នះ៣ពិន្ទុ មុនគេប្រចាំពូលនេះ។

នៅក្នុងការប្រកួតបើកឆាកនេះ វាជាពេល ដែលក្រុមU18កម្ពុជា ត្រូវបង្ហាញពីសមត្ថភាព ដែលកើតចេញពីការហ្វឹកហាត់ជុំគ្នារបស់ពួកគេ។ ប៉ុន្តែការចាញ់ប្រៀបខ្លាំងទៅលើកម្ពស់ និងមាធរបស់ក្រុមU18អូស្រ្តាលី ត្រូវបានគេមើលឃើញថា ក្រុមកម្ពុជា នឹងប្រឈមនូវឧបសគ្គច្រើន ហើយការជួបក្រុមអូស្រ្តាលី ទាំងពីការប្រកួតកម្រិតអាយុ១៥ឆ្នាំ និង១៦ឆ្នាំ គឺក្រុមថ្នាលរបស់កម្ពុជា មិនធ្លាប់បានឈ្នះ អូស្រ្តាលី ម្តងណាឡើយ គឺចាញ់រហូត។

យ៉ាងណាក៏ដោយ សម្រាប់អ្នកគាំទ្រកម្ពុជា នៅតែមានការរំពឹងថា ក្រុមU18កម្ពុជា នឹងបង្ហាញទម្រង់លេងបានល្អ ដើម្បីប្រកួតប្រជែងជាមួយក្រុមអូស្រ្តាលី លើកនេះ ហើយការប្រកួតនេះ ក៏នឹងមានការផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ហង្សមាស (Hang Meas HD TV) ផងដែរ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF U18 Championship 2019 នេះ ក្រុមU18កម្ពុជា បានឈរនៅពូលB ជាមួយក្រុមអូស្រ្តាលី ក្រុមម្ចាស់ជើងឯកម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម ខណៈពូលAមាន ឥណ្ឌូនេស៊ី ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងទីម័រខាងកើត ហើយព្រឹត្តិការណ៍នេះ បានចាប់ផ្តើម កាលពីថ្ងៃអង្គារ នឹងត្រូវបញ្ចប់ នៅថ្ងៃទី១៩ ខែសីហា។

ដោយឡែកសម្រាប់ការប្រកួតបើកឆាកប្រចាំពូលA កាលពីថ្ងៃអង្គារ ម្សិលមិញ ក្រុមU18ឥណ្ឌូនេស៊ី បានលត់ក្រុមហ្វីលីពីន ៧-១ ដើម្បីឡើងទៅឈរនៅលេខ១ ជាបណ្តោះអាសន្ន និងតាមពីក្រោយដោយក្រុមទីម័រខាងកើត ដែលបានលត់ក្រុមប្រ៊ុយណេ ៧-២ ហើយពេលក្រុមមីយ៉ាន់ម៉ា បានយកឈ្នះក្រុមឡាវ ៣-១ ដើម្បីឈរនៅលេខ៣ ដោយមាន៣ពិន្ទុស្មើគ្នា។ ចំណែកក្រុមU18ថៃ នឹងត្រូវប្រកួតបើកឆាករបស់ខ្លួន ជាមួយក្រុមសិង្ហបុរី នៅរសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ ចំណែកក្រុមម្ចាស់ផ្ទះវៀតណាម ត្រូវប្រឈមជាមួយក្រុមម្ចាស់ជើងឯកឆ្នាំ២០១៨ ម៉ាឡេស៊ី នៅយប់ម៉ោង ៧:៣០ ថ្ងៃពុធនេះដែរ៕