ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៨ឆ្នាំកម្ពុជាបានរបូត ៣ពិន្ទុម្ដងទៀតហើយ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិ U-18 ម៉ាឡេស៊ីដោយលទ្ធផល ៣–០ ក្នុងប្រកួតទី៣ នៃពានរង្វាន់យុវជនជើងឯកអាស៊ីអាគ្នេយ៍ AFF U-18 Championship 2019 នៅទីក្រុងហូជីមិញប្រទេសវៀតណាមកាលពីល្ងាចមិញ។ ប៉ុន្តែកម្ពុជាមិនទាន់អស់ឱកាសប្រជែងកៅអីវគ្គបន្ដនោះទេ ព្រោះសល់ ២ប្រកួតក្នុងដៃទៀត។
ការប្រកួតដ៏សំខាន់នេះក្រុម U-18 ម៉ាឡេស៊ីបានទាត់បំប៉ោងសំណាញ់ទី ក្រុមគោព្រៃជំទង់កម្ពុជា ៣គ្រាប់មុនតែម្ដងនៅវគ្គទី១ ដោយកីឡាករ Mukhairi, Muslihuddin និងកីឡាករ Firdaus។ លុះចូលវគ្គទី២ ក្រុម U-18 កម្ពុជាក៏បានព្យាយាមវាយបកណាស់ដែរ តែធ្វើមិនបានសម្រេច ដែលបានត្រឹមទប់មិនឲ្យរបូតគ្រាប់បាល់បន្ថែម ធ្វើឲ្យចប់ការប្រកួតក្រុម U-18 ម៉ាឡេស៊ីយកឈ្នះក្រុម U-18 កម្ពុជា ៣–០។ គិតមកទល់ពេលនេះក្រុមគោព្រៃជំទង់កម្ពុជាបានឆ្លងកាត់ ៣ប្រកួតរួចហើយជាមួយលទ្ធផលឈ្នះ១ និងចាញ់២ ពោលគឺឈ្នះក្រុម U-18 ថៃ ៤–៣ តែចាញ់ក្រុម U-18 អូស្ត្រាលី ៥–១ និងចាញ់ U-18 ម៉ាឡេស៊ី ៣–០។
តែយ៉ាងណាក្រុមស្ថិតក្នុងគោលដៅឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ មិនទាន់អស់ឱកាសប្រជែងកៅអីវគ្គបន្ដនោះទេ ព្រោះសល់ ២ប្រកួតទៀតរួមមានប៉ះ U-18 សិង្ហបុរីនាថ្ងៃអង្គារស្អែក និងជួបក្រុម U-18 វៀតណាមនៅថ្ងៃទី១៥ ខែសីហាខាងមុខ។ គួរបញ្ជាក់ថា ក្នុងពូល B បច្ចុប្បន្នក្រុម U-18 អូស្ត្រាលីកំពុងឈរកំពូលតារាង និងមាន ៩ពិន្ទុពេញក្រោយទទួលបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ខណៈម៉ាឡេស៊ី និងវៀតណាមមាន ៦ពិន្ទុក្នុងដៃក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងចាញ់ ១៕
អត្ថបទ៖ លី ឈុនឡា By: BTV
ក្រុម U-18 កម្ពុជាបន្តរបូត ៣ពិន្ទុ ខណៈសល់ ២ប្រកួតក្នុងដៃ
អត្ថបទទាក់ទង