ប៉េតង់៖ ដើម្បីផ្តក់ឱកាសឲ្យយុវជន មកពីតាមបណ្ណាការខេត្តនានាបានបង្ហាញសមត្ថភាព និងពង្រឹងសមត្ថភាព សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជាបានរៀបចំការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ និងបានបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហានៅទីលានក្នុងពហុកីឡដ្ឋានជាតិ។
បើតាមឯកឧត្ដម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប៉ូលនិងប៉េតង់កម្ពុជា បានមាននៅក្នុងពិធីបិទកាលពីម្សិលមិញថា នេះជាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំក៏ពិតមែន តែកីឡាករ–កីឡាការិនីអាចទទួលបានឱកាស ក្លាយជាយុវជនថ្នាលប្រចាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ព្រោះសហព័ន្ធបានចាត់អ្នកជំនាញឲ្យត្រួតពិនិត្យ និងតាមដានមើលកីឡាករ–កីឡាការិនីណាមានទេពកោសល្យ និងសមត្ថភាពល្អៗ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ជាយុវជនថ្នាល សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗ។
ឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានបន្ថែមថា ការប្រកួតជើងឯកថ្នាក់ជាតិ មិនត្រឹមតែផ្តល់ឱកាសឲ្យកីឡាករមកពីតាមបណ្ដាខេត្តនានា បានបង្ហាញសមត្ថភាពប៉ុណ្ណោះទេ តែឱកាសក្នុងការកសាងបទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាពដើម្បីត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ខណៈដែលការប្រកួតទាំងនោះរួមមាន៖ ពានរង្វាន់សម្ដេចវិបុលបញ្ញា សុខ អាន, ពានរង្វាន់សម្ដេច ស ខេង, ជើងឯកយុវជន និងស្ត្រីពិភពលោក និងការតៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ជាដើម។
ជាមួយគ្នានោះដែរឯកឧត្ដម ស សុខា ប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩នេះ ក្រៅពីផ្ដល់ឱកាសដល់កីឡាករ–កីឡាការិនីបានបង្ហាញសមត្ថភាពនោះ ហើយនេះក៏ជាការវាស់ស្ទង់សមត្ថភាពសម្រាប់កីឡាករថ្នាល កីឡាការិនី និងជាពិសេសគណៈកម្មការរៀបចំការប្រកួត ដើម្បីត្រៀមការប្រកួតជើងឯកពិភពលោកនាខែវិច្ឆិកាខាងមុខ ដែលយើងនឹងធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះមានកីឡាករ–កីឡាការិនីចំនួន ៣២៧នាក់ចូលរួម មក ៣៧ក្លិប-សមាគម។ ពួកគេត្រូវប្រកួតប្រជែងលើ ៥វិញ្ញាសា រួមមានវិញ្ញាសាក១ ៣ នាក់ទល់ ៣នាក់បុរស, វិញ្ញាសាក២ ៣នាក់ទល់ ៣នាក់បុរស , វិញ្ញាសាស្ត្រី ៣នាក់ទល់ ៣នាក់, យុវជន ៣នាក់ទល់ ៣នាក់ និងវិញ្ញាសាយុវនារី ១នាក់ទល់ ១នាក់៕
Credit: BTV http://usportkh.com/wp-admin/post-new.php
ឯកឧត្ដម ស សុខា ចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះជាការវាស់ស្ទង់ត្រៀមជើងឯកពិភពលោក
អត្ថបទទាក់ទង