ក្រុម​ជម្រើស​ជាតិ​យុវជន​អាយុ​ក្រោម ១៨​ឆ្នាំ​កម្ពុជា​នឹង​ធ្វើ​ការប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ U-18 សិង្ហ​បុរីនា​វេលា​ម៉ោង ៤៖៣០​នាទី​ល្ងាច​នេះ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​យុវជន​អាស៊ីអាគ្នេយ៍ AFF U-18 Championship 2019 នៅ​ទីក្រុង​ហូជីមិញប្រទេស​វៀតណាម។

​នេះ​គឺជា​ការប្រកួត​ទី​៤ ក្នុង​ពូ​ល B របស់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា បន្ទាប់ពី​ឆ្លងកាត់ ៣​ប្រកួត​ក្នុង​ពូ​ល​ឈ្នះ១ និង​ចាញ់២ កាល​ពី​ពេល​ថ្មីៗ។ ចំណែក​ក្រុម U-18 សិង្ហ​បុរី បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម U-18 ថៃ ១–១ កាលពី​ថ្ងៃ​បើក​ឆាក ពួកគេ​នៅ​មិនទាន់​ស្គាល់​ពាក្យ​ឈ្នះ​នោះ​ទេ​។ ដូច្នេះ​កម្ពុជា​អាច​នឹង​មាន​ប្រៀប​បន្តិច​លើ​សិង្ហ​បុរី ព្រោះ​កម្ពុជា​បាន​យកឈ្នះ​ថៃ ៤–៣ កាល​ពី​ពេល​ថ្មីៗ។​

នៅ​ថ្ងៃ​នេះ​ដែរក្រៅពី​ក្រុម​គោព្រៃ​ជំទង់​កម្ពុជា និង​សិង្ហ​បុរី​ត្រូវ​ប៉ះ​គ្នា​ ក៏​មាន ២​ប្រកួត​ទៀតសម្រាប់​ពូ​ល B ផង​ដែរ រួមមាន​ក្រុម U-18 អូស្ត្រាលី​ប៉ះ​ក្រុម U-18 ម៉ាឡេស៊ី និង​ក្រុម U-18 ថៃប៉ះ​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម​។ នេះ​សុទ្ធ​តែ​ជា​ការប្រកួត​ដែល​កម្ពុជា​ត្រូវ​ចាំ​អ៊ុត​លទ្ធផល ព្រោះ​បើ​សិន​អូស្ត្រាលី និង​ថៃទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ ទើប​ក្រុម U-18 កម្ពុជាសល់​ក្ដី​សង្ឃឹម​តិចតួច​ក្នុង​ការ​ប្រជែង​កៅអី​វគ្គ​បន្ដ។

​ដោយឡែក​ក្រឡេក​ទៅ​មើល​ពូ​ល A វិញ ពេលនេះគេ​បាន​រក​ឃើញ​ក្រុម​កក់​កៅអី ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ រួមមាន​ក្រុម U-18 មី​យ៉ាន់​ម៉ា និង​ឥណ្ឌូនេស៊ីដែល​រក​បាន ១២​ពិន្ទុ​ស្មើគ្នា ក្រោយ​ទទួល​បាន​ជ័យជម្នះ ៤​ប្រកួត​ផ្ទួនៗ មុន​ក្រុម​ទាំងពីរត្រូវ​ប៉ះ​គ្នាដណ្ដើម​កៅអី​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​នា​ថ្ងៃ​ពុធ​ស្អែកនេះ៕

​អត្ថបទ៖ លី ឈុន​ឡា Via: BTV