ខ្សែប្រយុទ្ធសប្បូរដោយបទពិសោធ និងមានប្រជាប្រិយខ្លាំងជាងគេ នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម នឹងត្រូវប្រឈមមុខដាក់គ្នា ខណៈអ្នកទាំង២ មានភារកិច្ចជួយក្រុមរៀងៗខ្លួន នៅពេលក្រុមព្រះខ័នរាជស្វាយរៀង ត្រូវធ្វើដំណើរមកជួបក្រុមបឹងកេត នារសៀលម៉ោង ៣:៣០ ថ្ងៃសៅរ៍នេះ។
ការវិលមកជួបគ្នារវាងក្រុមម្ចាស់ផ្ទះបឹងកេត និងក្រុមស្វាយរៀង នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ នាថ្ងៃសៅរ៍នេះ វាជាការប្រកួតដ៏សំខាន់ ដើម្បីជម្រះភាពមន្ទិលចំពោះការស្មើគ្នា ២-២ កាលពីជើងទី១ ហើយជំនួបកាលនោះគ្មានវត្តមាន ចាន់ វឌ្ឍនាកា នៅក្នុងបញ្ជីឈ្មោះក្រុមបឹងកេត នោះទេ។ ប៉ុន្តែលើកនេះ ចាន់ វឌ្ឍនាកា បានក្លាយជាខ្សែប្រយុទ្ធមួយរូប ដែលស្ថិតនៅក្នុងការបារម្ភរបស់គ្រូបង្វឹកក្រុមស្វាយរៀង ផងដែរ ខណៈ ប្រាក់ មុន្នីឧត្តម នៅតែជាកីឡាករស្នូលដ៏សំខាន់របស់ស្វាយរៀង ក្នុងការប្រជែងយក៣ពិន្ទុលើកនេះ ព្រោះស្វាយរៀង ចង់ឈ្នះបឹងកេត ដើម្បីធ្វើឲ្យមានភាពប្រាកដ ចំពោះការឈ្នះពានរបស់ពួកគេ។
លោក ជូ សារឿន គ្រូជំនួយក្រុមស្វាយរៀង បានប្រាប់ថា៖ «នេះជាការប្រកួតដ៏អស្ចារ្យ ដែលក្រុមទាំង២ សុទ្ធតែចង់ឈ្នះដូចគ្នា ហើយការប្រកួតនេះ វាប្រៀបដូចជាការប្រកួតសេចក្តីរបស់ក្រុមយើងផងដែរ។ មានន័យថា បើយើងឈ្នះបឹងកេត យើងនឹងមានឱកាសលើកពានរហូតដល់៩៩ភាគរយ ប៉ុន្តែបើយើងចាញ់ គឺយើងអាចនឹងថមថយឱកាសវិញ ព្រោះយើងត្រូវជួប ណាហ្គាវើល វិសាខា និងក្រសួងការពារជាតិ ដែលសុទ្ធតែជាក្រុមខ្លាំង អ៊ីចឹងយើងត្រូវខំប្រឹងទាំងអស់គ្នា»។
តាមរយៈការប្រកួត២០សប្តាហ៍កន្លងមកនេះ ក្រុមស្វាយរៀង បានឈ្នះ១៦ និងស្មើ៤ មាន៥២ពិន្ទុ គឺដាច់ឆ្ងាយពីក្រុមលេខ២ ណាហ្គាវើល និងក្រុមលេខ៣ វិសាខា ដែលមានត្រឹម៤៤ពិន្ទុស្មើគ្នា។ ហេតុនេះ បើសិនជា ស្វាយរៀង អាចយកឈ្នះក្រុមបឹងកេត ដែលកំពុងឈរនៅលេខ៤ មាន៤១ពិន្ទុ គឺពួកគេមានភាគរយកាន់តែខ្ពស់ ក្នុងការឈ្នះពាន នៅរដូវកាលនេះ។ ប៉ុន្តែស្វាយរៀង ក៏បង្ហាញការបារម្ភ សម្រាប់ការជួបបឹងកេត លើកនេះផងដែរ។
លោក ជូ សារឿន លោកនិយាយបន្ថែមថា៖ «ខ្ញុំឭថា ទីលានរបស់បឹងកេត មានការពិបាកលេង ហើយនេះក៏ស្ថិតក្នុងការបារម្ភរបស់យើងផងដែរ ហើយម្យ៉ាងទៀត បឹងកេត ពេលនេះ មានកីឡាករល្អៗច្រើន ឯ ចាន់ វឌ្ឍនាកា ក៏វិលមកជួយក្រុមនេះវិញផងដែរ អ៊ីចឹងភាគរយឈ្នះ មាន៥០ទៅនឹង៥០ដូចគ្នា គឺមិនអាចសន្និដ្ឋាន ឬវាយតម្លៃ មុនការប្រកួតបាននោះទេ»៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh / CamsportNews / Real Madrid C.F / Boxing Football / Boxing / ដឹងគ្រប់យ៉ាង