គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកការយកឈ្នះក្រុមបឹងកេត ជាការប្រកួត ដែលគ្មានសាច់បាល់លេង ព្រោះលោកមើលឃើញថា ទាំងតាក់ទិចរបស់កីឡាករ និងប្រព័ន្ធនៃការលេងរបស់ក្រុមស្វាយរៀង មិនអាចបញ្ចេញបាន នៅលើទីលាន ដែលមិនមានភាពអំណោយផលរបស់បឹងកេត នោះទេ។
លោក ជូ សារឿន គ្រូជំនួយក្រុមព្រះខ័នរាជស្វាយរៀង បាននិយាយថា៖ «យើងពិតជាមានការពិបាកខ្លាំង សម្រាប់ការយកឈ្នះក្រុមបឹងកេត លើកនេះ ព្រោះវាអត់មានសាច់បាល់លេង! តាក់ទិចរបស់កីឡាករ និងប្រព័ន្ធនៃការរៀបចំ ដែលយើងត្រូវលេង គឺអត់មានតែម្តង ដោយសារទីលាន គ្មានភាពអំណោយផល អ៊ីចឹងយើងមានតែមួយក្បាច់ទេ គឺទាត់បាល់បំផ្លោងឡើងទៅលើ ដោយរំពឹងទៅលើបាល់ជ្រុង និងបាល់ហ្រ្វីឃីក»។
សម្រាប់ការប្រកួតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីថ្ងៃសៅរ៍នោះ ខ្សែប្រយុទ្ធ Oiboh Julius បានស៊ុតបំប៉ោងសំណាញ់ទីក្រុមស្វាយរៀង បានមុន ដើម្បីជួយឲ្យបឹងកេត នាំមុខ ១-០ នៅនាទី៣០ ប៉ុន្តែខ្សែប្រយុទ្ធឆ្នើម Privat ដែលបានទទួលបាល់ទាត់បំផ្លោងពីអ្នកចាំទី អាំ សុវណ្ណារ៉ាត់ នោះ បានស៊ុតតាមស្មើឲ្យក្រុមស្វាយរៀង នៅនាទីទី៣២ ហើយ នេន សុធារ័ត្ន បានទាត់បាល់ហ្វ្រីឃីក បញ្ចូលទីបានសម្រេច១គ្រាប់ទៀត នៅនាទីទី៦៤ ដើម្បីជួយឲ្យស្វាយរៀង ឈ្នះបឹងកេត ២-១ លើកនេះ។
ជ័យជម្នះនេះ បានជួយឲ្យក្រុមស្វាយរៀង នៅតែរក្សាបាននូវកំណត់ត្រាដ៏ល្អរបស់ខ្លួន គឺការឈ្នះ១៧ និងស្មើ៤ មាន៥៥ពិន្ទុដាច់ឆ្ងាយពីក្រុមលេខ២ វិសាខា រហូតដល់៨ពិន្ទុ ព្រោះការប្រកួត កាលពីថ្ងៃសៅរ៍នោះដែរ ខ្សែប្រយុទ្ធ Da Crus រកបាន៥គ្រាប់តែម្នាក់ឯង ដើម្បីជួយឲ្យក្រុមវិសាខា ឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៧-០ ដើម្បីមាន៤៧ពិន្ទុ ខណៈក្រុមបឹងកេត មាន៤១ពិន្ទុដដែល។
ជាមួយការឈ្នះបាន៣ពិន្ទុបន្ថែមពីក្រុមបឹងកេតនេះ លោក ជូ សារឿន បានប្រាប់បន្ថែម ទាំងអារម្មណ៍រំភើបថា៖ «ការឈ្នះបាន៣ពិន្ទុលើកនេះ បានធ្វើឲ្យយើងមានរំពឹងបានលើកពានចូល៩៧ភាគរយហើយ។ បើសិនជាការប្រកួតជាបន្ទាប់ យើងអាចយកឈ្នះលើណាហ្គាវើល ឬវិសាខា តែមួយប្រកួតទៀតនោះ គឺយើងនឹងលើកពានតែម្តង ព្រោះគ្មានក្រុមណាតាមទាន់យើងទៀតទេ»៕
គ្រូស្វាយរៀង ចាត់ទុកការឈ្នះបឹងកេត ជាការប្រកួត ដែលគ្មានសាច់បាល់លេង
អត្ថបទទាក់ទង