ក្រុមភ្នំពេញក្រោន បានសម្រេចការសងសឹកទៅលើក្រុមសូលទីឡូអង្គរ ដូចការរំពឹងទុក ដើម្បីលុបចោលការចាញ់ ១-០ កាលពីជើងទី១ ប៉ុន្តែគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្រុមនេះ ហាក់មិនទាន់ពេញចិត្ត ចំពោះការឈ្នះត្រឹម ២-១ នេះទេ។ ចំណែកក្រុមក្រសួងការពារជាតិ (ទ័ព) នៅតែមិនអាចយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ដើម្បីស្តាមុខមាត់ ចំពោះការចាញ់យ៉ាងឈឺចាប់ កាលពីជើងទី១ បានដដែល។
បើទោះបីជា ខ្សែប្រយុទ្ធ Bata និង Booysen រកបានម្នាក់១គ្រាប់ នៅនាទីទី៨១ និងទី៨៣ ដើម្បីលុបចោលគ្រាប់បាល់នាំមុខរបស់កីឡាករ រ័ត្ន សំណាង នៃក្រុមសូលទីឡូអង្គរ និងជួយឲ្យក្រុមភ្នំពេញក្រោន ឈ្នះ ២-១ ប៉ុន្តែលោក ស៊ុំ វណ្ណា បានមើលឃើញថា តំបន់ប្រយុទ្ធរបស់ភ្នំពេញក្រោន លេងមិនទាន់យល់ចិត្តគ្នានោះទេ ទើបធ្វើឲ្យការសម្រេចទី មិនបានល្អ។
គ្រូបង្វឹកបណ្តោះអាសន្នរូបនេះ បាននិយាយក្រោយការប្រកួតថា៖ «Bata និង Pauloជាតួអង្គសំខាន់ នៅតំបន់ប្រយុទ្ធ ប៉ុន្តែពួកគេលេងមិនសូវយល់ចិត្តគ្នា។ បានន័យថា នៅតំបន់នោះ ពួកគាត់ត្រូវបញ្ជូនបាល់ទៅមក ឲ្យបានច្រើន និងប៉ះទម្លាក់ៗ ព្រោះកន្លែងភាគច្រើន គឺសុទ្ធតែជាឱកាសរកគ្រាប់បាល់ ប៉ុន្តែ Paulo គាត់អត់សូវយល់»។
ជាមួយគ្នានេះ លោក ស៊ុំ វណ្ណា ក៏មិនសូវសប្បាយចិត្តផងដែរ ចំពោះការរបូតគ្រាប់បាល់របស់ក្រុមភ្នំពេញក្រោន ដោយលោកគិតថា មកពីកូនក្រុមលោក មើលស្រាលទៅលើគូប្រកួត។ លោកបញ្ជាក់ថា៖ «ការរបូតគ្រាប់បាល់ ដោយសារយើងទម្លាក់ខ្លួនមក ហើយ យើងឈរ និយាយរួមយើងមើលស្រាលគូប្រកួត»។
ផ្ទុយពីនេះ ក្រុមក្រសួងការពារជាតិ របស់លោក ទេព ឡុងរចនា មិនត្រឹមតែមិនអាចសងសឹកទៅលើក្រុមគិរីវង់សុខសែនជ័យ ចំពោះការចាញ់ ៤-១ កាលពីជើងទី១បានប៉ុណ្ណោះទេ គឺពួកគេ បានបន្តចាញ់គិរីវង់ ២-១ នៅលើទឹកដីខ្លួនឯង ជាថ្មីម្តងទៀត កាលពីថ្ងៃសៅរ៍ ហើយលទ្ធផលនេះបានធ្វើឲ្យទ័ព បន្តឈរនៅលេខ៧ មាន៣៥ពិន្ទុ ខណៈភ្នំពេញក្រោន បន្តឈរនៅលេខ៦ដូចគ្នា តែមាន៣៨ពិន្ទុ៕
ភ្នំពេញក្រោន ហាក់មិនទាន់ពេញចិត្តលើការសងសឹក សូលទីឡូអង្គរ ខណៈទ័ព បន្តខកចិត្ត
អត្ថបទទាក់ទង