ក្រុមវិសាខា បឹងកេត និងព្រះខ័នរាជស្វាយរៀង សុទ្ធតែបានយកប្រៀបលើគូប្រកួត នៅក្នុងការប្រកួតកាត់សេក្តីជើងទី២ វគ្គ៨ក្រុម ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ដើម្បីបន្តឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែភ្នំពេញក្រោន បានទម្លាក់ក្រុមម្ចាស់ជើងឯក ក្រសួងការពារជាតិ (ទ័ព) ដោយការទាត់បាល់ប៉េណាល់ទីកាន់សេចក្តី។

សម្រាប់ការប្រកួត កាលពីថ្ងៃពុធ ម្សិលមិញនេះ ក្រុមវិសាខា បានបន្តយកឈ្នះក្រុមម្ចាស់ផ្ទះ គិរីវង់សុខសែនជ័យ ១-០ ដែលរកបានដោយខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទីទី៦៦ បន្ថែមទៅលើការឈ្នះ ៤-២ កាលពីជើងទី១ ហើយជ័យជម្នះទាំង២ជើងនេះ ធ្វើឲ្យពួកគេបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកដំបូង។

ចំណែកក្រុមម្ចាស់ផ្ទះ ព្រះខ័នរាជស្វាយរៀង បានលត់ក្រុមអង្គរថាយហ្គឺរ ៤-០ បន្ថែមទៅលើការឈ្នះ ២-០ កាលពីជើងទី១។ ក្នុងជ័យជម្នះនេះ នុត តុលា រកបាន២គ្រាប់តែម្នាក់ឯង នៅនាទីទី១១ និងទី៨៧ ហើយ២គ្រាប់ទៀតរកបានដោយ សំអឿន ពិដោរ នៅនាទីទី៣០ និង គីម សុខយុទ្ធ នៅនាទីទី៧១។ លទ្ធផលនេះ បានធ្វើក្រុមស្វាយរៀង អាចឡើងទៅវគ្គបន្ត ដើម្បីប្រជែងរកការឈ្នះពាននេះ ជាលើកទី៥ ដូចការរំពឹងទុក។

ផ្ទុយពីនេះក្រុមបឹងកេត ក្រុមបឹងកេត បានចាញ់ក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ១-០ ព្រោះការបង្កើតកំហុសរបស់បឹងកេត នាំឲ្យអាជ្ញាកណ្តាលផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យ សូលទីឡូអង្គរ ហើយ កែវ សុផល ជាអ្នកស៊ុតបានសម្រេច នៅនាទីទី៥៣ ប៉ុន្តែការយកឈ្នះក្រុមសូលទីឡូអង្គរ ២-០ កាលពីជើងទី១ វានៅតែជួយឲ្យក្រុមបឹងកេត បានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដដែល។

ដោយឡែកក្រុមភ្នំពេញក្រោន បានប្រើកីឡដ្ឋាន RSN របស់ខ្លួន ដើម្បីវាយបកយកឈ្នះក្រុមទ័ព ២-១ វិញ ដើម្បីលុបចោលការចាញ់ ១-០ កាលប្រកួតជើងទី១។ ការស្មើគ្នា ២-២ ក្នុងការប្រកួតទាំង២ជើងនេះ បានធ្វើឲ្យក្រុមទាំង២ ឈានដល់ការទាត់បាល់ប៉េណាល់ទី កាត់សេចក្តី ហើយជាលទ្ធផល ភ្នំពេញក្រោន បានទម្លាក់ក្រុមម្ចាស់ជើងឯកមួយនេះ ដោយការយកឈ្នះ ៥-៤ ដើម្បីឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង