ភ្នំពេញៈ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្តីប្រកាសជូនដំណឹងដល់បណ្តាក្រុមបាល់ទាត់ ដែលមានបំណងបញ្ជូនក្រុមបាល់ទាត់របស់ខ្លួនចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ការប្រកួតបាល់ទាត់ soccer leagueលើកទី៥ ឆ្នាំ២០១៩ ដែលគ្រោងដំណើរការប្រកួតផ្លូវការនៅថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ សូមរុះរាន់មកដាក់ពាក្យសុំសិទ្ធិចូលរួមប្រកួតនៅលេខារដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាស្នាក់ការកណ្តាល និងអាគារវិមានកីឡាដ្ឋានជាតិអូឡាំពិក ដោយចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃ ទី១ ខែ កញ្ញា និង បញ្ចប់នៅថ្ងៃ ទី៣០ ខែ កញ្ញា ឆ្នាំ២០១៩។

យោងតាមលេចក្តីប្រកាសជូនដំណឹងខាងលើបានបញ្ជាក់ថា ក្រុមបាល់ទាត់ដែលសហភាពសហព័ន្ធយុវជនកម្ពុជាអនុញ្ញាតអោយដាក់ពាក្យចូលរួមប្រកួតក្នុងពានរង្វាន់មួយនេះបាន មាន សហភាពសហព័ន្ធយុវជនកម្ពុជាទាំង២៥រាជធានីខេត្ត វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា ក្រសួង មន្ទីរ ស្ថានប័ន និងខណ្ឌទាំងអស់។ សម្រាប់លក្ខណកីឡាករដែលអាចចូលរួមប្រកួតបាន គឺ មានអាយុចាប់ពី១៧ឆ្នាំឡើងទៅ និងជាជនជាតិខ្មែរ។កីឡាករដែលមិនមាននៅក្នុងបញ្ជីឈ្មោះក្របខណ្ឌរបស់ក្លិបចូលរួមបាល់ទាត់ក្របខណ្ឌថ្នាក់ជាតិលិគចាប់ពីឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ន។ក្រុមនីមួយត្រូវទទួលខុសត្រូវចំពោះសុខភាពកីឡាករ និងក្រុមដឹកនាំរបស់ខ្លួនអំឡុងចូលរួមប្រកួត។ក្រុមនីមួយៗត្រូវចុះឈ្មោះកីឡាករក្នុងបញ្ជីចូលរួមប្រកួតចំនួន២០នាក់ និងមន្រ្តីចំនួន៥នាក់។

ដោយឡែក សម្រាប់ការចុះឈ្មោះមានកំណត់សម្គាល់ដូចជា ពាក្យសុំសិទ្ធិចូលរួមប្រកួត សេចក្តីប្រកាស បញ្ជីឈ្មោះមន្រ្តីមានបិទរូបថត បញ្ជីកីឡាករមានបិទរូបថត បញ្ជីឈ្មោះមន្រ្តីចាត់ចែងសមាគម ក្លិប និងកីឡាករ បញ្ជីឈ្មោះកីឡាករចុងក្រោយ រូបថតថ្មីបួនគុណប្រាំមួយចំនួ៣សន្លឹក ឡូហ្គោតំណាងសមាគមរបស់ខ្លួន។ ហើយក្រុមនីមួយៗដែលមកចុះចូលរួមប្រកួតត្រូវដំកល់ទឹកប្រាក់ទុកចំនួន១លានរៀន ហើយទឹកប្រាក់នេះគណៈកម្មាការរៀបចំការប្រកួត និងប្រគល់ទឹកប្រាក់ជូនវិញនៅពេលចាប់ការប្រកួត។ផ្ទុយទៅវិញបើទឹកប្រាក់តម្កល់នេះអាច នឹងត្រូវរក្សាទុកសម្រាប់ចាត់ចែងតាមការចាំបាច់របស់គណៈកម្មាការរៀបចំការប្រកួតប្រសិនបើក្រុមរបស់ខ្លួនមិនគោរព្ធទៅតាមលក្ខន្តិកៈ ឬបោះបង់ចោលការប្រកួត។

ចំពោះប្រាក់រង្វាន់ជ័យលាភីវិញ ក្រុមដែលដណ្តើមបានជ័យលាភីលេខ១ ទទួលបានពានមួយ មេដាយ២៥គ្រឿង និងទឹកប្រាក់២០លានរៀល។ ក្រុមចំណាត់លេខ២ ទទួលបានមេដាយប្រាក់២៥គ្រឿង និងទឹកប្រាក់ចំនួន១០លានរៀល។ក្រុមចំណាត់លេខ៣ ទទួលបានមេដាយសំរិទ្ធ២៥គ្រឿង និងទឹកប្រាក់៥លានរៀល។ចំក្រុមហ្វែផ្លេ ទទួលបានទឹកប្រាក់លើកទឹកចិត្ត២លានរៀល។ក្រុមអាជ្ញាកណ្តាលល្អជាងគេ ទទួលបានទឹកប្រាក់លើកទឹកចិត្ត១លានរៀន។កីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេ ទទួលបានទឹកប្រាក់លើកទឹកចិត្ត១លានរៀល។អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់លើកទឹកចិត្ត១លានរៀល និងគ្រូល្អជាងគេទទួលបានទឹកប្រាក់លើកទឹកចិត្ត១លានរៀល។

សូមជម្រាប់ថា ការប្រកួតបាល់ទាត់ពានរង្វាន់soccer leagueនេះរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងចូលរួមលើកស្ទួយវិស័យកីឡាបាល់ទាត់ រិតចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមចូលរួមទាំងអស់ និងផ្តល់ឱកាសអោយយុវជនបានចូលរួមលេងកីឡាកដើម្បីសុខភាព និងជៀសឆ្ងាញពីគ្រឿងញាន និងអំពើរឧប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕



Credit: The SEATV Sports HD