ការទាត់ជាក្បាច់មួយដ៏សំខាន់ក្នុងចំណោមក្បាច់គុនសេរីដែលអ្នកប្រដាល់ម្នាក់ៗត្រូវការហ្វឹកហាត់ឲ្យដិតដល់ទើបខ្លាំងឈានដល់កម្រិត។ បើក្រឡេកមើលកីឡាករប្រដាល់សេរីខ្លាំងៗភាគច្រើនសុទ្ធតែអ្នកដែលពូកែទាត់។
សុខ ធី ទាត់ខូចជើងកីឡាករថៃ
អ្នកប្រដាល់គុនខ្មែរជំនាន់មុនមួយចំនួនដែលមានកេរ្តិ៍ល្បី និងខ្លាំងៗ ភាគច្រើនសុទ្ធតែអ្នកប្រដាល់ដែលពូកែទាត់ដូចជា អេ ភូថង, ឡឹក វិបុល, ក្រាក់ សម្ផស្ស, ផៃ ប៊ុនឈឿន, ឡុង វណ្ណថន និង ធុន សុភា ជាដើម។ អ្នកដែលទើបមើលប្រដាល់សម័យក្រោយនេះ ប្រហែលជាមិនសូវស្គាល់សមត្ថភាពរបស់ពួកគាត់ច្បាស់ទេ ប៉ុន្តែបើអ្នកគាំទ្រសម័យមុនប្រហែលជាស្គាល់សមត្ថភាពពួកគាត់ទាំងនេះយ៉ាងច្បាស់។
អេ ភូថង ជាអតីតអ្នកប្រដាល់ម្នាក់ដែលមានទាត់បានល្អ និងមានទម្ងន់ខ្លាំងណាស់។ ដៃគូរបស់គាត់ភាគច្រើនដួលសន្លប់ ខួចដៃដោយសាររន្ទៈជើង។ ក្រៅពីទាត់ លោកក៏មានកណ្តាប់ដៃ និងកែងដ៏មានប្រសិទ្ធភាពដែរ។ ឡឹក វិបុល ត្រូវបានគេហៅថា កែងឆេះ ដោយសារប្រើកែងបានយ៉ាងល្អ។ យ៉ាងណា អតីតកីឡាករប្រដាល់រូបនេះពូកែទាត់ណាស់។ ជំហររបស់លោកពេលនៅលើសង្វៀនភាគច្រើនគឺឈរជើងទាំងពីរទន្ទឹមគ្នាពោលគឺមិនដាក់ជើងទៅមុខមួយ ទៅក្រោយមួយទេ ប៉ុន្តែពេលទាត់ចេញលឿន និងរហ័សបំផុត។
ក្រាក់ សម្ផស្ស នេះហើយដែលសម័យមុននិយាយតៗគ្នាថាជា ជើងទម្ងន់យក្ស។ អតីតអ្នកប្រដាល់រូនេះមានទម្ងន់ជើងខ្លាំងដែលនេះហើយជាអាវុធដ៏គ្រោះថ្នាក់របស់គាត់។ ផៃ ប៊ុនជឿ ជាអតីតកីឡាករដែលទាត់បានល្អទាំងជើងស្តាំ និងជើងឆ្វេង។ រាល់ការប្រកួត ប៊ុនជឿទាត់ចេញបានច្រើនណាស់ទាំងឆ្វេង និងស្តាំដែលនេះហើយជាអាវុធធ្វើឲ្យដៃគូខ្លាចញញើត។ គេចាំបានថា ដៃគូដ៏គួរឲ្យចាប់អារម្មណ៍របស់លោកគឺ ឡឹក វិបុល។
ឡុង វណ្ណថន ជាអ្នកប្រដាល់ដែលចេញអាវុធៗ ប៉ុន្តែមានទម្តន់។ លោកមានអាវុធពីរដែលគ្រោះថ្នាក់បំផុតគឺទី១ទាត់ និងទី២កណ្តាប់ដៃ។ ជាទូទៅ លោកយោលជំហរទើបទាត់ចេញដែលធ្វើឲ្យមានទម្ងន់ខ្លាំង។ ធុន សុភា ក៏ជាអតីតកីឡាករម្នាក់ដែលប្រើជើងទាត់បានល្អដែរ។ គោលជំហរនៃវ៉ៃរបស់លោកមិនសូវខុសទៅនឹង ឡុង វណ្ណថនឡើយ។ ការទាត់ និងកណ្តាប់ដៃខាវជាស្នៀតប្រយុទ្ធដ៏ល្អរបស់លោក។
មឿន សុខហុច ទាត់លើកីឡាករថៃ ឌិន ណាផូ
បើនិយាយពី កីឡាករប្រដាល់កម្ពុជានាពេលបច្ចុប្បន្ននៅមិនសូវសំបូរអ្នកពូកែទាត់ជើងច្រើនឡើយ។ មឿន សុខហ៊ុន ត្រូវបានគេមើលឃើញថា ជាកីឡាករពូកែទាត់ជាងគេដែលនេះជាអាវុធដ៏សំខាន់របស់គាត់។ ចំណែកកីឡាករផ្សេងៗទៀតភាគច្រើនទាត់ជើងក្រោម ប៉ុន្តែទាត់ផ្នែកលើមួយៗប៉ុណ្ណោះ។ ស្នៀតដ៏ពិសេសរបស់កីឡាករខ្មែរគឺកណ្តាប់ដៃ និងកែង។
ផ្ទុយពីកីឡាករខ្មែរ កីឡាករប្រដាល់ថៃភាគច្រើនពូកែជើង។ អ្នកគាំទ្រខ្មែរឃើញច្រើនហើយថា កីឡាករប្រដាល់ថៃភាគច្រើនទាំងកម្រិត A កម្រិត B ឬកម្រិត C គឺផ្តោតសំខាន់លើការទាត់តែម្តង។ ក្រៅពីស្នៀតទាត់ គឺជង្គង់ដែលពឹងផ្អែកលើគោលជំហរដ៏រឹងមាំ។ ដូច្នេះហើយបានជា កីឡាករថៃដែលមកវ៉ៃនៅស្រុកខ្មែរគឺមានប្រៀប២ចំណុចគឺជំហរកាច់ផ្តួល និងទាត់។
ធឿន ធារ៉ា (ឆ្វេង) និងកីឡាករថៃ (ស្តាំ) (រូបថត៖ Max)
ចំណុចសំខាន់ខ្លះៗពីការទាត់
ការទាត់ផ្កាប់ចានធ្វើឲ្យដៃគូបារម្ភខ្លាំង។ ទាត់កាន់ច្រើន កាន់តែធ្វើឲ្យឈឺដៃ រហូតដល់ខូចដៃ។ បើប្រហែសទប់មិនជាប់ អាចសន្លប់។
ទាត់ពោះទឹកធ្វើឲ្យដៃគូឆាប់ថមថយ ឬឈឺចាប់លឿន។ កីឡាករខ្លះមានចំណុចខ្សោយលើពោះទឹកដែលត្រូវតែ១ជើង ក្រោកលែងរួច។ អ្នកខ្លះជើងធាក់ពោះដែលទាត់កាន់តែច្រើន កាន់តែឈឺឆ្អល់។
ទាត់ផ្នែកក្រោមជាស្នៀតមួយដែលអ្នកពូកែជើងទទួលបានផល។ ការទាត់ពីខាងឆ្វេង ខាងស្តាំ ពីខាងក្រោមជារឿយៗធ្វើឲ្យដៃគូឈឺចាប់ ដេកដួលក្រោកលែងរួច។ ការទាត់ផ្នែកក្រោមនេះដែលកីឡាករជាច្រើនប្រើបានផលល្អ។
ធាក់ទប់ជាស្នៀតមួយដែលរារាំងដៃគូមិនឲ្យចូលវ៉ៃបាន។ កីឡាករដែលរហ័សជើងគឺទាត់មិនឲ្យដៃគូចូលវ៉ៃបានឡើយ ដូចជាពេលដៃគូចេញកណ្តាប់ដៃ ធាក់ចេញ ពេលដៃគូទាត់ជើងក្រោម ធាក់ជើងផ្តួល៕
អត្ថបទ៖ ជាន ចាន់រ៉ា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង