ការជួបគ្នារវាងក្រុមកំពុងឈរនៅលើកំពូលតារាង ព្រះខ័នរាជស្វាយរៀង និងក្រុមឈរបាតតារាង សាលាកីឡាបាល់ទាត់ជាតិបាទី នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចម៉ោង៦ ថ្ងៃអាទិត្យនេះ វាបានក្លាយជាពេលវេលាដ៏ល្អបំផុត ចំពោះខ្សែប្រយុទ្ធឆ្នើម Privat ក្នុងការរកបានគ្រាប់បាល់បន្ថែម ដើម្បីមានប្រៀបលើខ្សែប្រយុទ្ធ Bata របស់ភ្នំពេញក្រោន ក្នុងដំណើរឆ្ពោះទៅរកការឈ្នះស្បែកជើងមាស ប្រចាំរដូវកាល ឆ្នាំ២០១៩នេះ។

តាមរយៈការប្រកួត ២១លើក កន្លងមកនេះ Privat របស់ក្រុមស្វាយរៀង និង Bata របស់ភ្នំពេញក្រោន រកបាន ២៥គ្រាប់ស្មើគ្នា និងតាមពីក្រោយដោយខ្សែប្រយុទ្ធ Da Cruz របស់ក្រុមវិសាខា ដែលរកបាន ២១គ្រាប់ ឯ Timothy របស់ក្រុមអង្គរថាយហ្គឺរ និង Ajaji របស់វិសាខា រកបាន២០គ្រាប់ស្មើគ្នា ខណៈខ្សែប្រយុទ្ធ Kipson របស់ណាហ្គាវើល រកបាន១៩គ្រាប់។

ជាមួយការចែកគ្នាមិនទាន់ដាច់ សម្រាប់អ្នកមានប្រៀប ឆ្ពោះទៅរកការឈ្នះស្បែកជើងមាសនេះ ត្រូវបានគេមើលឃើញថា ការជួបក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី លើកនេះ វាជាពេលដ៏ល្អបំផុត សម្រាប់ Privat ក្នុងការពង្រីកឱកាស តាមរយៈរកគ្រាប់បាល់បន្ថែមឲ្យបានច្រើន ដើម្បីវ៉ាដៃ Bata ព្រោះកម្រិតលេងរបស់ សាលាកីឡាបាល់ទាត់ជាតិបាទី មិនអាចទប់ក្រុមមានមហិច្ឆតា ឆ្ពោះទៅរកការលើកពាន ស្វាយរៀង បាននោះទេ ខណៈការប្រកួតជើងទី១ ស្វាយរៀង បានយកឈ្នះ ៣-០ នៅក្រៅទឹកដី។

យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ Bata ក៏អាចនឹងមានឱកាសរកបានគ្រាប់បាល់បន្ថែមផងដែរ ព្រោះលើកនេះ ក្រុមភ្នំពេញក្រោន ត្រូវទៅជួបក្រុមគិរីវង់សុខសែនជ័យ ដែលពួកគេធ្លាប់ឈ្នះ ២-១ កាលពីជើងទី១ នារសៀលម៉ោង ៣:៣០ ថ្ងៃអាទិត្យនោះទេ ប៉ុន្តែដោយសារការប្រកួតនេះ ធ្វើនៅលើទឹកដីក្រុមគិរីវង់ ហេតុនេះ ភ្នំពេញក្រោន មិនទាន់ប្រាកដថា អាចរក្សាការឈ្នះបាន ឬយ៉ាងណានោះទេ ព្រោះក្នុងជើងទី២នេះ សូម្បីតែក្រុមណាហ្គាវើល និងក្រសួងការពារជាតិ ក៏បានចាញ់ក្រុមគិរីវង់ ដែរ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង