ខ្សែប្រយុទ្ធដ៏ឆ្នើម ចាន់ វឌ្ឍនាកា បានជួយឲ្យក្រុមបឹងកេត ឡើងទៅឈរនៅកំពូលតារាងទាំង៤ (Top4) នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ជាថ្មីម្តងទៀត ខណៈក្រុមអង្គរថាយហ្គឺរ មិនអាចរកបានពិន្ទុថែម ក្រោយចាញ់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបជាមួយគ្នា គឺ សូលទីឡូអង្គរ នោះ។

សម្រាប់ការប្រកួតជាមួយក្រុមណាហ្គាវើល នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ខ្សែប្រយុទ្ធរបស់បឹងកេត ចាន់ វឌ្ឍនាកា ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេច នៅនាទីទី៣៧ ដើម្បីលុបចោលការស៊ុតបាល់ពិន័យបានស្រេចដូចគ្នារបស់ខ្សែប្រយុទ្ធណាហ្គាវើល Kipson នៅនាទីទី១៣។

បើទោះបីជា ការបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ នេះ វាខុសឆ្ងាយ ពីការប្រកួតជើងទី១ ដែលក្រុមបឹងកេត បានឈ្នះណាហ្គាវើល ដល់ ២-០ ប៉ុន្តែការចែកគ្នាម្នាក់១ពិន្ទុនេះ វាជារឿងដ៏ល្អមួយផងដែរ សម្រាប់បឹងកេត ផងដែរ ព្រោះវាជាពេលដែលពួកគេ បានឡើងទៅឈរនៅលេខ៤ ជាថ្មីម្តងទៀត ដោយមាន៤៣ពិន្ទុ ខណៈណាហ្គាវើល បន្តឈរនៅលេខ៣ មាន៤៨ពិន្ទុ។

យ៉ាងណាក៏ដោយ ការឡើងទៅឈរនៅលេខ៤ របស់ក្រុមបឹងកេត វាក៏ស្របពេលដែលក្រុមអង្គរថាយហ្គឺរ បានចាញ់ក្រុមសូលទីឡូអង្គរ ២-១ ផងដែរ ព្រោះលទ្ធផលនេះបានធ្វើឲ្យ អង្គរងាយហ្គឺរ មាន៤២ពិន្ទុដដែល នឹងធ្លាក់មកឈរនៅលេខ៥ ដែលជាទីតាំងចាស់របស់ក្រុមបឹងកេត។

ដោយឡែកក្រុមគិរីវង់សុខសែនជ័យ និងអាស៊ីអឺរ៉ុប សុទ្ធតែរកបាន៣ពិន្ទុបន្ថែម ដើម្បីបន្តមាន៣១ពិន្ទុស្មើគ្នា ដោយក្នុងនោះ គិរីវង់ បានឈ្នះក្រុមអគ្គិសនីកម្ពុជា ២-១ ខណៈក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៤-២។ ចំណែកក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ បានយកឈ្នះក្រុមខេត្តកំពង់ចាម ៤-០ ដើម្បីមាន២៧ពិន្ទុ គឺតិចជាងក្រុមសូលទីឡូអង្គរ ដែលមាន២៩ពិន្ទុ៕

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង