ក្រុមព្រះខ័នរាជស្វាយរៀង នៅតែមិនទាន់អាចជម្រះភាពមន្ទិល ក្នុងការឈ្នះពានមុនបិទរដូវកាលលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ខណៈពួកគេ មិនអាចរក្សាការមានប្រៀបរបស់ខ្លួនបាន គឺធ្វើឲ្យក្រុមម្ចាស់ផ្ទះ វិសាខា វាយបកតាមស្មើ ១-១ វិញនោះ។
សម្រាប់ការប្រកួត នៅកីឡដ្ឋានវិសាខា កាលពីយប់ថ្ងៃចន្ទ ម្សិលមិញនោះ ខ្សែប្រយុទ្ធពាក់លេខ២៥ Charles William Hew Machell បានរកគ្រាប់បាល់នាំមុខឲ្យក្រុមស្វាយរៀង តាមរយៈការស៊ុតបញ្ជូលទីរបស់គេ នៅនាទីទី៥១ ប៉ុន្តែ ស្វាយរៀង មិនអាចរក្សាការមានប្រៀបនេះ រហូតដល់ចប់ការប្រកួតនោះឡើយ។
តាមរយៈការព្យាយាមវាយបកយ៉ាងខ្លាំងក្លារបស់ក្រុមម្ចាស់ផ្ទះ បានផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធមានធំ ពាក់លេខ៣១ Da Cruz បានរកគ្រាប់បាល់តាមស្មើឲ្យ វិសាខា នៅនាទីទី៧៧ ហើយការចែកគ្នាម្នាក់១ពិន្ទុនេះ វានៅតែធ្វើឲ្យឱកាសលើកពាន មុនបិទរដូវកាលរបស់ក្រុមស្វាយរៀង នៅសល់ភាពមន្ទិលបន្តិចបន្តួចដដែល។
យ៉ាងណាក៏ដោយ ការមាន៥៩ពិន្ទុ គឺលើសក្រុមវិសាខា ចំនួន៨ពិន្ទុដដែលនេះ វាបានធ្វើឲ្យក្រុមស្វាយរៀង មានឱកាសលើកពានស្ទើរតែ១០០ភាគរយទៅហើយ ព្រោះសម្រាប់៣ប្រកួត ដែលនៅសល់ក្នុងដៃដូចគ្នា គឺស្វាយរៀង ត្រូវជួបក្រុមក្រសួងការពារជាតិ អាស៊ីអឺរ៉ុប និងក្រុមណាហ្គាវើល។
ចំណែកក្រុមវិសាខា ត្រូវប៉ះក្រុមអាស៊ីអឺរ៉ុប ណាហ្គាវើល និងក្រុមអគ្គស្នងការនគរបាលជាតិ ដែលសុទ្ធតែជាការប្រកួត ដែលពិបាកដូចគ្នា ហេតុនេះបើសិនជា វិសាខា ភ្លាត់ស្មើ តែ១ប្រកួតណាមួយ គឺស្វាយរៀង នឹងបានលើកពាន ដោយស្វ័យប្រវត្តិតែម្តង បើទោះបីជា ៣ប្រកួតចុងក្រោយនេះ ពួកគេជួបរឿងស៊យ ចាញ់ទាំងអស់ក៏ដោយ៕
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង