ដៃភ្លើងជើងរន្ទះរបស់កម្ពុជា រឿង សោភ័ណ្ឌ ប្រាប់ថា ការចេញទៅវ៉ៃនៅថៃលើកនេះនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព បើសន្លប់គឺទាល់តែសន្លប់ដល់ថ្នាក់គេសែងចេញ ទើបខ្លួនឈប់វ៉ៃបើមិនដូច្នោះទេនៅវ៉ៃរហូត។
សោភ័ណ្ឌ បានឲ្យដឹងថា សម្រាប់ការប្រកួតនៅឯប្រទេសថៃ ក្នុងកម្មវិធី Super Champ ថ្ងៃអាទិត្យនេះ គឺបានហ្វឹកហាត់ត្រៀមខ្លួនរួចរាល់ហើយ។ ឥលូវនេះកំពុងផ្ដោតសំខាន់បំផុតលើកម្លាំងស៊ុហ្វ ព្រោះឃើញថាកម្មវិធី៣ទឹក គឺគេឲ្យវ៉ៃរហូតតែម្ដង ដូច្នេះហើយកំពុងពង្រឹងបន្ថែមត្រង់ចំណុចនេះ។
អ្នកលេងគុនខ្មែររូបនេះបន្ថែមទៀតថា ចំពោះសមត្ថភាពដៃគូវិញគឺគេល្អកណ្ដាប់ដៃដូចខ្លួនដែរ ហើយមួយវិញទៀតនោះល្បីកីឡាកររូបនេះជាជើងខ្លាំង ដូច្នេះខ្លួនក៏ចង់ជួបសាកល្បងក្បាច់គុន។ សោភ័ណ្ឌ បញ្ជាក់ទៀតថា ជាជើងខ្លាំងប៉ុណ្ណោះក៏ដោយឲ្យតែគេចាប់គូគឺដឹងតែវ៉ៃហើយ នឹងប្ដេជ្ញាខំប្រឹងប្រែងប្រកួត ធ្វើឲ្យអស់ពីសមត្ថភាពដើម្បីផ្សព្វផ្សាយគុនខ្មែរ។
រំលឹកដែរថា កីឡាករ រឿង សោភ័ណ្ឌ និង វ៉ែន វ៉ងជីវ៉ុង នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិនៅឯប្រទេសថៃ ក្នុងកម្មវិធី Super Champ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។ រឿង សោភ័ណ្ឌ ប៉ះម្ចាស់ផ្ទះថៃ ក្នុងតំណែងគូឯកប្រចាំកម្មវិធីតែម្ដង។ ការប្រកួតនឹងចាប់ផ្ដើមពីម៉ោង៧យប់តទៅ៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង