ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវជួបតតាំងជាមួយក្រុមខ្លាំងអាស៊ី គឺក្រុមជម្រើសជាតិអ៊ីរ៉ង់វេលាម៉ោង ៨៖៣០នាទីយប់នេះ(ម៉ោងនៅកម្ពុជា) ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅកាតា (FIFA World Cup Qatar 2022) ជុំទី២-តំបន់អាស៊ីពូល C នៅកីឡដ្ឋាន Azadi នាប្រទេសអ៊ីរ៉ង់។
នេះគឺជាការប្រកួតដំបូង ក្រោយក្រុមទាំងពីរខកខានជួបគ្នាអស់រយៈពេល ៤៧ឆ្នាំ បើគិតចាប់ពីឆ្នាំ១៩៧២ មកទល់បច្ចុប្បន្ន។ គេចាំបានថា កាលពីខែឧសភា ឆ្នាំ១៩៧២ កម្ពុជាធ្លាប់បានប៉ះអ៊ីរ៉ង់ក្នុងពាន AFC Asian Cup នៅថៃ ខណៈលទ្ធផលជួបគ្នាក្នុងពូលកម្ពុជាចាញ់អ៊ីរ៉ង់ ២–០ និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្ពុជាចាញ់អ៊ីរ៉ង់ ២–១។
ចំពោះការប្រកួតយប់នេះវិញ លោក Felix G.Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបានចាត់ទុកជាឱកាសដ៏ល្អ ក្នុងការសាកល្បងសមត្ថភាពកូនក្រុម ដើម្បីបញ្ជាក់នូវភាពរីកចម្រើន និងការខំប្រឹងរបស់ពួកគេ ក្នុងការប្រកួតជាមួយក្រុមខ្លាំងនៅអាស៊ី ដូចជាក្រុមជម្រើសជាតិអ៊ីរ៉ង់។ ហេតុនេះលោករំពឹងថា ការប្រកួតនេះនឹងជំរុញឲ្យកម្ពុជាបោះជំហានមួយចំនួនទៀត ស្របតាមផែនការកែលម្អរវិស័យបាល់ទាត់នៅកម្ពុជា។
ដោយឡែកលោក Marc Wilmots គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ង់ ហាក់កំពុងស្រែកឃ្លានជ័យជម្នះជាខ្លាំង ដោយពួកគេនឹងផ្ដោតលើប្រព័ន្ធប្រយុទ្ធ ដើម្បីប្រកួតតទល់ជាមួយកម្ពុជា។ ការលើកឡើងបែបនេះដោយសារលោក Marc Wilmots ចង់សម្រេចមហិច្ឆតាឈ្នះគ្រប់ការប្រកួត ដើម្បីប្រជែងកៅអីកំពូលតារាង និងបន្ដដំណើរវែងឆ្ងាយរបស់ខ្លួនឆ្ពោះទៅជុំផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ៤ឆ្នាំម្ដងនេះ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ គឺជាក្រុមលំដាប់ World Cup ជុំផ្ដាច់ព្រ័ត្រជាក់ស្ដែងកាលពីឆ្នាំ២០១៨ ក្រោយបានឡើងវគ្គ ៣២ក្រុមចុងក្រោយ អ៊ីរ៉ង់ ស្ទើរតែបានឡើងវគ្គបន្ដក្រោយឈរលេខ៣ ក្នុងពូល និងមាន ៤ពិន្ទុចាញ់ប្រៀបគូប្រជែង ១ពិន្ទុប៉ុណ្ណោះ ជាមួយលទ្ធផល ៣ប្រកួតឈ្នះម៉ារ៉ុក ១–០, ស្មើព័រទុយហ្គាល់ ១–១ និងចាញ់អេស្ប៉ាញ ១–០។ បច្ចុប្បន្នពួកគេកំពុងឈរលេខ២៣ លើពិភពលោក ដែលខុសឆ្ងាយពីកម្ពុជាកំពុងឈរលេខ១៦៩ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក៕
អត្ថបទ៖ លី ឈុនឡា Credit: BTV
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង