ក្រុមវិសាខា និងក្រុមណាហ្គាវើល នឹងត្រូវវិលមកជួបគ្នា នៅថ្ងៃសៅរ៍នេះ ដើម្បីប្រជែងគ្នាយកលេខ២ នៃលីកកំពូលកម្ពុជា ឆ្នាំ២០១៩ ខណៈក្រុមបឹងកេត និងអង្គរថាយហ្គឺរ ត្រូវបើកកីឡដ្ឋានរបស់ខ្លួន ដើម្បីសងសឹកក្រុមសូលទីឡូអង្គរ និងភ្នំពេញក្រោន ដែលពួកគេបានចាញ់ កាលពីជើងទី១។
ការវិលមកជួបគ្នា រវាងក្រុមវិសាខា និងណាហ្គាវើល វាបានក្លាយជាការប្រកួតដ៏តានតឹង និងមានការចាប់អារម្មណ៍ខ្លាំង ព្រោះក្រុមទាំង២ សុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន ដើម្បីឈរនៅចំណាត់ថ្នាក់លេខ២។ នៅពេលនេះ ក្រុមវិសាខា កំពុងឈរនៅលេខ២ស្រាប់ ដោយមាន៥៤ពិន្ទុ ខណៈណាហ្គាវើល ឈរនៅលេខ៣ មាន៥១ពិន្ទុ។
បន្ថែមលើនេះ ក្រុមវិសាខា ក៏ធ្លាប់បានឈ្នះណាហ្គាវើល ៣-២ កាលជើងទី១ ផងដែរ ប៉ុន្តែបើសិនជាពួកគេចាញ់លើកនេះ គឺវិសាខា នឹងធ្លាក់ចេញពីលេខ២ភ្លាម ព្រោះវិសាខា មានគ្រាប់បាល់ចំណេញតិចជាង ណាហ្គាវើល។ យ៉ាងណាក៏ដោយ វិសាខា ហាក់មានភាគរយច្រើនជាង ក្នុងការបន្តឈរនៅលេខ២ ព្រោះត្រឹមលទ្ធផលស្មើ ក៏ពួកគេ នៅតែបន្តមានប្រៀបលើ ណាហ្គាវើល ដែរ។
ចំណែកក្រុមបឹងកេត ត្រូវប្រកួតសងសឹកជាមួយក្រុមសូលទីឡូអង្គរ ដើម្បីលុបបំបាត់ភាពហ្មងសៅ ចំពោះការចាញ់ ៥-៤ កាលពីជើងទី១។ ម្យ៉ាងទៀតការឈ្នះបាន៣ពិន្ទុ លើកនេះ វាពិតជាសំខាន់ខ្លាំងណាស់ ចំពោះបឹងកេត ក្នុងការរក្សាទីតាំងលេខ៤របស់គេ ពីការប្រជែងរកក្រុមអង្គរថាយហ្គឺរ និងភ្នំពេញក្រោន។
យ៉ាងណាក៏ដោយ ដោយសារតែ ក្រុមអង្គរថាយហ្គឺរ ត្រូវជួបក្រុមភ្នំពេញក្រោន នៅសប្តាហ៍នេះ អ៊ីចឹងវាក៏បានកាត់បន្ថយសម្ពាធមួយកម្រិតចំពោះក្រុមបឹងកេត ផងដែរ។ ការជួបគ្នាលើកនេះ អង្គរថាយហ្គឺរ ត្រូវសងសឹកក្រុមភ្នំពេញក្រោន ដែលពួកគេបានចាញ់ ១-០ កាលពីជើងទី១ ប៉ុន្តែក្រុមទាំង២នេះ ត្រូវការឈ្នះដូចគ្នា ព្រោះការឈ្នះ៣ពិន្ទុ វាពិតជាសំខាន់ សម្រាប់ក្រុមទាំង២ មានឱកាសឡើងមកឈរនៅ Top4 វិញ ខណៈពេលនេះ អង្គរថាយហ្គឺរ ឈរនៅលេខ៥ មាន៤៥ពិន្ទុ តិចជាងក្រុមឈរនៅលេខ៤ បឹងកេត ១ពិន្ទុ ហើយភ្នំពេញក្រោន ឈរនៅលេខ៦ មាន៤៤ពិន្ទុ៕
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង