អ្នកប្រដាល់ដែលលេចមុខល្បីលើហ្វេសបុកក្រោយទម្លាក់ ឡុង ជិន ប៉ុន្មានសប្ដាហ៍មុននេះ ឥលូវចាញ់ កូយ ឡាយ វិញម្ដងអស់ឱកាសឡើងទៅផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 ម្សិលមិញនេះ។
បើទោះជាការខំប្រឹងខ្លាំង និងតស៊ូស្វិតស្វាញយ៉ាងណាក៏ដោយ នៅតែធ្វើឲ្យកីឡាករទើបលេចមុខ ទូច ដេវីត មិនអាចបន្តដំណើរឡើងវគ្គផ្ដាច់ព្រ័ត្របានឡើយ។ ការប្រកួតរវាងកូនសិស្សលោក អាត សំរឹទ្ធ និង កូយ ឡាយ ពិតជាជក់ចិត្តវ៉ៃពេញ៣ទឹកសងទៅសងមកគ្នាតែម្ដង។
កូយ ឡាយ បានឲ្យដឹងដែរថា សិស្សប្អូនខាងលើនេះគឺល្អកម្លាំង ស៊ុហ្វពេញ ចំណែកកណ្ដាប់ដៃ និងស្នៀតទាត់ក៏ល្អដែរ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួន។ ដោយសារតែខ្លួនបានហ្វឹកហាត់ពេញ ឬត្រៀមខ្លួនបានល្អទើបអាចឈ្នះការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។
ទូត ដេវីត ចាញ់ពិន្ទុ កូយ ឡាយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃកម្មវិធីប្រកួតដណ្ដើមពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាមម្សិលមិញនេះនៅសង្វៀនប៉ុស្តិ៍លេខ៥ ព្រែកកំពិស។ ចាញ់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមែន ប៉ុន្តែ ទូត ដេវីត នៅមានឱកាសប្រកួតយកលេខ៣ ដែលមានប្រាក់រង្វាន់ ៧៥០ដុល្លារជាមួយ សូត្រ ខេវិន បន្តទៀត៕
អត្ថបទ៖ នួន ស៊ីណា Credit: Sabay