ការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ដែលគ្រោងធ្វើនៅថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនា ខាងមុខនេះ គឺនឹងបង្កើនប្រាក់រង្វាន់សម្រាប់ម្ចាស់ជយលាភីរហូតដល់ជាង៥ដង បើប្រៀបធៀប ការប្រកួតកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ ហើយក្នុងនោះខាងបាល់ទាត់ ទទួលបានប្រាក់រង្វាន់ច្រើនជាងគេ។

គេនៅចាំបានថា សម្រាប់ការប្រកួតកីឡាជាតិ លើកទី១ កាលពីឆ្នាំ២០១៦ គឺអ្នកទទួលបានលេខ១ បានប្រាក់រង្វាន់១៥ម៉ឺនរៀល ខណៈវិញ្ញាសាប្រយុទ្ធ និងវិញ្ញាសាក្រុមបាន៣០ម៉ឺនរៀល លេខ២បាន១០ម៉ឺនរៀល និងលេខ៣ បាន៨ម៉ឺនរៀល។

ប៉ុន្តែបើតាមកិច្ចប្រជុំនៅទីស្នាក់ការរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាពលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយមន្រ្តីកីឡាពាក់ព័ន្ធជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ការប្រកួតកីឡាជាតិ នៅឆ្នាំនេះ មានការបង្កើនប្រាក់រង្វាន់សម្រាប់អ្នកបានលេខ១ រហូតដល់៨០ម៉ឺនរៀល លេខ២ បាន៦០ម៉ឺនរៀល និងលេខ៣បាន៤០ម៉ឺនរៀល។

ជាមួយគោលការណ៍តម្លើងប្រាក់រង្វាន់នេះ គឺក្រុមបាល់ទាត់ នឹងទទួលបានលក្ខខណ្ឌដ៏ពិសេសមួយ ព្រោះនៅឆ្នាំនេះ ត្រូវបានគណៈកម្មការរៀបចំការប្រកួតកីឡាជាតិ ឲ្យគិតរហូតដល់២០នាក់ ក្នុងមួយក្រុម គឺមានន័យថា ក្រុមបានលេខ១ នឹងទទួលបានម្នាក់៨០ម៉ឺនរៀលរហូតដល់២០នាក់ ខុសពីឆ្នាំ២០១៦ ដែលគិតឲ្យតែ១១នាក់ ហើយប្រាក់រង្វាន់បានម្នាក់តែ១៥ម៉ឺនរៀលទេ។

លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានថ្លែងថា៖ «យើងបានធ្វើការកែលម្អប្រកាសអន្តរក្រសួងស្តីពីការផ្តល់ប្រាក់រង្វាន់ ដែលពីមុនមកយើងផ្តល់ជូនខាងវិញ្ញាសាសម្តែង ត្រឹម១៥ម៉ឺនរៀល ឯជាវិញ្ញាសាជាក្រុម និងវិញ្ញាសាប្រយុទ្ធ បាន៣០ម៉ឺនរៀល សម្រាប់អ្នកបានមេដាយមាស ប៉ុន្តែឥឡូវយើងបានធ្វើការកែលម្អទៅដល់៨០ម៉ឺនរៀលក្នុងម្នាក់ ហើយកីឡាជាក្រុមយើងគុណទៅតាមបទបញ្ជានៃការប្រកួតបានកំណត់»៕