ក្លិបបាល់ទាត់វិសាខា ដែលទើបទទួលបានចំណាត់ថ្នាក់លេខ២ នៃក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៩ បានឈានដល់ការចុះអនុសារណៈយោគយល់គ្នា(MoU) ជាមួយក្លិប Yokohama FC ដែលនឹងត្រូវឡើងមកលេងនៅលីកកំពូលជប៉ុន (J-League 1) នារដូវកាលឆ្នាំ២០២០ ខាងមុខនេះ។
យោងសេចក្ដីប្រកាសលើបណ្ដាញសង្គមរបស់ក្លិបវិសាខា នៅព្រឹកថ្ងៃចន្ទនេះ បានឲ្យដឹងថា ពិធីចុះ MoU រវាងក្លិបទាំង២ ត្រូវបានធ្វើឡើង នៅប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ ដោយមានការចូលរួមពីលោក ស សុខា ស្ថាបនិកក្លិប និងលោកជំទាវ កែ សួនសុភី ជាប្រធានក្លិបវិសាខា រួមជាមួយលោក Onodera Hiroshi ប្រធានក្លិប Yokohama FC។
តាមសេចក្តីប្រកាសដដែលនេះ បានបញ្ជាក់ថា៖«ការចុះ MoU ជាមួយក្លិបក្របខណ្ឌ J-League 1 គឺដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងក្លិបទាំង២ ជាពិសេសការផ្លាស់ប្ដូរកីឡករយុវជនថ្នាល ក៏ដូចជាគ្រូបង្វឹក សំដៅជំរុញការអភិវឌ្ឍក្លិបទាំង២ ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត»។
គួរបញ្ជាក់ថា Yokohama FC គឺជាក្លិបចំណូលថ្មី ដែលនឹងត្រូវឡើងមកលេងនៅ J-League 1 នារដូវកាលឆ្នាំ២០២០ ខាងមុខនេះ ហើយការទទួលបានឱកាសនេះ បន្ទាប់ពីក្លិបមួយនេះ បានទទួលចំណាត់ថ្នាក់លេខ២ នៃក្រុមខ័ណ្ឌលីកទី២របស់ជប៉ុន (J-League 2) ក្នុងការប្រកួតរដូវកាលឆ្នាំ២០១៩ ដោយពួកគេមាន៧៩ពិន្ទុ ជាមួយការឈ្នះ២៣ស្មើ១០ និងចាញ់៩ដង ខណៈក្រុមលេខ១ Kashi Reysol មាន៨៤ពិន្ទុ៕