ក្រុមអត្តពលិកហែលទឹករបស់ក្លិបក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែរក្សាបាននូវភាពខ្លាំងរបស់ខ្លួន ដើម្បីបន្តគ្រងតំណែងជើងឯក ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ ក្នុងនាមជាក្រុម ដែលឈ្នះបានមេដាយមាស ច្រើនជាងគេ។

តាមរយៈការប្រកួតប្រជែងចំនួន៣ថ្ងៃ នៅមណ្ឌលកីឡាហែលទឹកតេជោសែនខេត្តកំពង់ចាម ដែលបានបញ្ចប់ កាលពីល្ងាចថ្ងៃចន្ទ ម្សិលមិញ ក្រុមកីឡាករ កីឡាការិនីរបស់ក្លិបក្រសួងសធារណការ និងដឹកជញ្ជូន បានឈ្នះមេដាយមាស១៥ ប្រាក់៧ និងសំរឹទ្ធចំនួន៤ ដើម្បីក្លាយជាក្រុម ដែលឈ្នះបានមេដាយមាសច្រើនជាងគេ សម្រាប់ការប្រកួតថ្នាក់ជាតិនេះ ជាថ្មីម្តងទៀត។

យ៉ាងណាក៏ដោយ ភាពខ្លាំងរបស់ក្លិបក្រសួងសធារណការ និងដឹកជញ្ជូន បានធ្វើឲ្យក្រុមអត្តពលិករបស់ក្លិបក្រសួងមហាផ្ទៃ ដែលជាដៃគូប្រជែងរបស់ពួកគេ នៅតែបន្តឈរនៅលេខ២ ដោយឈ្នះបានមេដាយមាស៧ ប្រាក់៧ និងសំរឹទ្ធ២ ហើយតាមពីក្រោយដោយក្លិបប៉ារ៉ាឡាំពិកកម្ពុជា ដែលឈ្នះបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៣ លើការប្រកួតផ្នែកវិញ្ញាសាជនពិការ។

ចំណែកក្រុមអត្តពលិកក្លិបក្រសួងសេដ្ឋកិច្ច និងហរញ្ញវត្ថុ បានឈ្នះមេដាយមាស១ ប្រាក់៧ សំរឹទ្ធ១២ តាមពីក្រោយដោយក្រុមនាគរាជខេត្តកំពង់ចាម ដែលឈ្នះបានមេដាយប្រាក់២ និងសំរឹទ្ធ៥ ប៉ុន្តែក្លិបហែលទឹកក្រសួងព័ត៌មាន និងក្លិបខេត្តត្បូងឃ្មុំ មិនដណ្តើមបានមេដាយ ពីការប្រកួត ដែលមានវិញ្ញាសាសរុបចំនួន២៦នេះទេ។

ចំពោះពិធីបិទការប្រកួតជាផ្លូវការ និងបំពាក់មេដាយ គឺមានការចូលរួមដោយផ្ទាល់ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ព្រមទាំងលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីកីឡា ជាច្រើនរូបនេះ៕