ចំនួនប្រាក់រង្វាន់បែបស្តួចស្តើងដ៏រាំរ៉ៃ ដែលបានផ្តល់ជូនដល់ក្រុមម្ចាស់ជើងឯក ទាំងការប្រកួតលីកកំពូលកម្ពុជា និងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ត្រូវបានមន្រ្តីរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងថា នឹងមានការកែសម្រួល ឲ្យមានការកើនឡើង សម្រាប់ការប្រកួតរដូវកាលថ្មី ឆ្នាំ២០២០នេះ។
ដំណឹងដ៏ល្អ ដែលអ្នកគាំទ្របាល់ទាត់កម្ពុជា រួមទាំងក្លិបនៅក្នុងស្រុក ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំមកនោះ ត្រូវបាន លោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាន នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានលើកឡើង នៅក្នុងសន្និសីទកាសែត មុនបើករដូវកាលឆ្នាំ២០២០ នៃពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីក ឬលីកកំពូលកម្ពុជា ដែលត្រូវបានធ្វើឡើង នៅពហុកីឡដ្ឋានជាតិ កាលពីព្រឹកថ្ងៃចន្ទនេះ។
លោក ឈី កុលបុត្រា បាននិយាយថា៖ «ទាក់ទងទៅនឹងប្រាក់រង្វាន់ សម្រាប់ក្រុមម្ចាស់ជើងឯកទាំងក្របខ័ណ្ឌទាំង២(លីកកំពូល និងពានសម្តេចហ៊ុនសែន) គឺនឹងមានការកើនឡើង គ្រាន់តែចំនួនជាក់លាក់ គឺក្រុមការងាររបស់យើង នឹងបញ្ជាក់តាមក្រោយ ព្រោះយើងនៅពិនិត្យមើលទៅលើលទ្ធភាព ក៏ដូចជាចំនួនថវិកា ដែលទទួលបានពីម្ចាស់ឧបត្ថម្ភទៅលើការប្រកួតទាំង២ក្របខ័ណ្ឌនេះ ជាមុនសិន»។
ជាមួយគ្នានេះ CNCC ក៏បានបង្កើននៅចំនួនមេដាយ សម្រាប់បំពាក់ជូនដល់ក្រុមម្ចាស់ជយលាភីផងដែរ គឺកើន៣៥មេដាយ កាលពីឆ្នាំមុន មកដល់៤០មេដាយ សម្រាប់ឆ្នាំនេះ ប៉ុន្តែចំពោះប្រាក់រង្វាន់ សម្រាប់ក្រុមទទួលបានចំណាត់ថ្នាក់លេខ២ និងលេខ៣នៃក្របខ័ណ្ឌទាំង២នេះ នៅមិនទាន់មានគោលការណ៍តម្លើងនៅឡើយទេ។
គួររំឭកថា សម្រាប់ការប្រកួតលីកកំពូលកម្ពុជា ជាច្រើនរដូវកាលកន្លងមកនេះ គឺក្រុមលេខ១ ទទួលបានត្រឹម៦០លានរៀល ក្រុមលេខលេខ២បាន៤០លាន និងក្រុមលេខ៣បាន២០លានរៀល ចំណែកការប្រកួតពានសម្តេច ហ៊ុន សែន ក្រុមលេខ១បាន៨០លានរៀល លេខ២បាន៤០លានរៀល ហើយក្រុមលេខ៣ស្ទួន កាលពីឆ្នាំ២០១៩ ទទួលបាន១ក្រុម១០លានរៀល៕