ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត លើកទី១៤ ឆ្នាំ២០២០ នឹងចាប់ផ្តើមធ្វើការប្រកួតប្រជែងគ្នា នៅលើទីលានផ្សេងៗគ្នា នៅថ្ងៃអង្គារនេះ និងថ្ងៃពុធស្អែកនេះ ដើម្បីស្វែងរកក្រុម ដែលអាចមានលទ្ធភាពរកបាន៣ពិន្ទុមុនគេ ខណៈការប្រកួតនៅឆ្នាំនេះ មានក្រុមចូលរួមត្រឹម១៧ប៉ុណ្ណោះ។
ជាមួយការធ្លាក់ចុះនៃចំនួនក្រុមចូលរួម នៅក្នុងវគ្គជម្រុះថ្នាក់ខេត្តនេះ គឺពី២៣ក្រុម កាលពីឆ្នាំ២០១៩ មកសល់ត្រឹម១៧ក្រុមនេះ គឺបានធ្វើឲ្យលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការបារម្ភ ព្រោះលោកបានចាត់ទុកបញ្ហានេះ ជាការបាត់បង់ឱកាស សម្រាប់ក្រុមនៅតាមខេត្ត ដែលមិនបានចូលរួម។
លោក ស សុខា បានថ្លែង ក្នុងកិច្ចប្រជុំបូកសរុបការងារអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០១៨-២០១៩ និងលើកទិសដៅការងារ ឆ្នាំសិក្សា២០២០ នៅទន្លេបាសាក់២ កាលពីព្រឹកថ្ងៃចន្ទម្សិលមិញថា យើងមើលឃើញថា ការប្រកួតជម្រុះថ្នាក់ខេត្ត ពានរង្វាន់សម្តេច ហ៊ុន សែន នៅឆ្នាំនេះ គឺចំនួនក្រុមមានការធ្លាក់ចុះច្រើន ហើយបញ្ហានៃការធ្លាក់ចុះនេះ មកពីខេត្តមួយចំនួន មិនទាន់មានទីលានល្អ បំពេញទៅតាមលក្ខខណ្ឌរបស់គេ អ៊ីចឹងយើងគួរពិនិត្យមើលឡើងវិញ ដើម្បីរៀបចំធ្វើយ៉ាងណា អាចចូលរួមបានវិញ នៅឆ្នាំក្រោយ។
តាមលោក ឈី កុលបុត្រា អនុប្រធានលេខាធិការរដ្ឋាន នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានឲ្យដឹងថា មានក្រុមចំនួន២២ បានដាក់ពាក្យមកចូលរួម ក្នុងការប្រកួតជម្រុះតាមខេត្តពានរង្វាន់សម្តេច ហ៊ុន សែន នៅឆ្នាំ២០២០នេះ ប៉ុន្តែក្រុមដែលបានបំពេញសំណុំបែបបទ និងលក្ខខណ្ឌត្រឹមត្រូវ ហើយអាចនឹងចូលរួមប្រកួតប្រជែងបាន គឺមានតែ១៧ក្រុមទេ។
ក្រុមទាំង១៧នោះ ត្រូវបានចែកការប្រកួតជា៥ពូល ក្នុងនោះ ពូលAមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ឆ្នាំង, ពូលB មានខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប ឯពូល Cមានខេត្តរតនៈគិរី ត្បូងឃ្មុំ និងព្រៃវែង, ពូលD មានខេត្តកណ្ដាល តាកែវ និងកំពង់ស្ពឺ ពូលFមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប។
ចំណែកនៅថ្ងៃអង្គារនេះ នឹងមានការប្រកួតចំនួន៨ក្រុម ហើយនៅថ្ងៃពុធស្អែកនេះ ក្រុមចំនួន៦ នឹងត្រូវប្រកួតគ្នាផងដែរ។ ការប្រកួតជម្រុះតាមពូលទាំង៥នេះ នឹងបន្តធ្វើរហូតដល់ថ្ងៃទី១១ ខេមីនា ចំណែកក្រុមទទួលបានលេខ១ក្នុងពូលនីមួយៗ និងក្រុមលេខ២ល្អចំនួន៣ នឹងឡើងទៅប្រកួតនៅវគ្គ៨ក្រុមចុងក្រោយ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែមេសា ដល់ថ្ងៃទី២០ ខែឧសភា។
តាមគម្រោងក្រុមទទួលបានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៣ក្នុងការប្រកួតថ្នាក់ខេត្តនេះ នឹងទទួលបានកៅអីឡើងទៅប្រកួតថ្នាក់ជាតិ ជាមួយក្រុមលីកកំពូលកម្ពុជា ទាំង១៣ក្រុម នៅឆ្នាំ២០២០នេះ៕