ក្រុមខេត្តត្បូងឃ្មុំ និងក្រុមខេត្តសៀមរាប សុទ្ធតែរកបាននូវជ័យជម្នះ សម្រាប់ការប្រកួតជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ ចំណែកក្រុមខេត្តបាត់ដំបង ក៏បានរកឃើញការឈ្នះផងដែរ ចំណែកក្រុមចំនួន៦ទៀត នឹងត្រូវប្រកួតប្រជែងគ្នា នៅរសៀលម៉ោង៣ ថ្ងៃពុធនេះ។
សម្រាប់ការប្រកួតជើងទី១ កាលពីរសៀលថ្ងៃអង្គារ ម្សិលមិញនោះ ខេត្តត្បូងឃ្មុំ ដែលជាក្រុមម្ចាស់ជើងឯក សម្រាប់ការប្រកួតថ្នាក់ខេត្ត កាលពីឆ្នាំ២០១៩នោះ បានលត់ក្រុមចំណាត់ថ្នាក់លេខ៣ រតនគិរី ដែលជាម្ចាស់ផ្ទះរហូតដល់ ៥-២ ហើយលទ្ធផលនេះ បានបង្ហាញថា ខេត្តត្បូងឃ្មុំ បានរៀបចំខ្លួនកាន់តែល្អ សម្រាប់ការប្រកួត នៅតរដូវកាលថ្មី ឆ្នាំ២០២០នេះ។
ចំណែកក្រុមខេត្តសៀមរាប ដែលធ្លាប់បានចាញ់ក្រុមខេត្តត្បូងឃ្មុំ ១-០ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រថ្នាក់ខេត្តពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩នោះ បានយកឈ្នះក្រុមខេត្តកំពង់ធំ ៣-២ នៅលើទឹក ចំណែកក្រុមម្ចាស់ផ្ទះ ខេត្តកំពង់ឆ្នាំង បានត្រឹមស្មើ ២-២។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតជម្រុះថ្នាក់ខេត្តពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០នេះ មានក្រុមចូលរួមត្រឹម១៧ប៉ុណ្ណោះ ដោយបានចែកការប្រកួតជា៥ពូល ក្នុងនោះ ពូលAមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងកំពង់ឆ្នាំង, ពូលB មានខេត្តកំពង់ធំ ព្រះវិហារ និងខេត្តសៀមរាប ឯពូល Cមានខេត្តរតនៈគិរី ត្បូងឃ្មុំ និងព្រៃវែង, ពូលD មានខេត្តកណ្ដាល តាកែវ និងកំពង់ស្ពឺ ពូលFមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប។
ចំណែកនៅថ្ងៃពុធនេះ គឺមានការប្រកួតចំនួន៣គូទៀត ដោយក្នុងនោះ ក្រុមខេត្តកំពង់ស្ពឺ ត្រូវបើកកីឡដ្ឋានខេត្តកំពង់ស្ពឺ ស្វាគមន៍ក្រុមខេត្តកណ្តាល ឯក្រុមខេត្តព្រះសីហនុ ត្រូវជួបក្រុមខេត្តកោះកុង នៅកីឡដ្ឋានអនុវិទ្យាល័យសម្តេចឪ ហើយក្រុមម្ចាស់ផ្ទះខេត្តកំពត ត្រូវប្រកួតជាមួយក្រុមខេត្តកែប នៅកីឡដ្ឋានកំពត ខណៈជំនួប១គូនេះ ក៏មានការផ្សាយផ្ទាល់តាម BTV ផងដែរ រីឯពេលវេលាប្រកួតរវាងជំនួបទាំង៣គូនេះ ត្រូវធ្វើចាប់ពីរសៀលម៉ោង៣តទៅដូចគ្នា៕
ក្រុមជើងឯកខេត្តត្បូងឃ្មុំ និងជើងឯករង ខេត្តសៀមរាប សុទ្ធតែឈ្នះថ្ងៃបើកឆាកពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត
អត្ថបទទាក់ទង