
ក្រុមបាល់ទាត់តំណាងឲ្យខេត្តព្រះវិហារ និងខេត្តព្រែវែង នឹងចាប់បើកការប្រកួតប្រជែងរបស់ខ្លួន នៅក្នុងវគ្គជម្រុះថ្នាក់ខេត្ត ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ នៅលើទីលានផ្សេងគ្នា នារសៀលម៉ោង៣ ថ្ងៃអង្គារនេះ ដើម្បីស្វែងរកការឈ្នះរៀងៗខ្លួន។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតបើកឆាកនេះ ក្រុមឈរនៅពូលផ្សេងគ្នា ព្រះវិហារ និងខេត្តព្រៃវែង សុទ្ធតែប្រឈមជាមួយក្រុមមានគុណភាពលេងល្អដូចគ្នា ដោយក្នុងនោះ ក្រុមព្រះវិហារ ត្រូវប្រឈមជាមួយក្រុមកំពុងឈរនៅលេខ១ប្រចាំពូលB ខេត្តសៀមរាប ដែលទើបបានយកឈ្នះក្រុមខេត្តកំពង់ធំ ៣-២ កាលពីសប្តាហ៍មុន ហើយជំនួបរវាងក្រុមទាំង២នេះ ត្រូវធ្វើនៅកីឡដ្ឋានវិទ្យាល័យត្បែងមានជ័យ លើទឹកដីខេត្តព្រះវិហារ។

ចំណែកក្រុមខេត្តព្រៃវែង ត្រូវប៉ះក្រុមខេត្តត្បូងឃ្មុំ ហើយការប្រកួតនេះ ត្រូវបានគេមើលឃើញថា នឹងមានភាពតានតឹងខ្លាំងសម្រាប់ក្រុមខេត្តព្រៃវែង ព្រោះក្រុមម្ចាស់ជើងឯក ខេត្តត្បូងឃ្មុំ គឺជាក្រុមខ្លាំងប្រចាំ ពូលC ដែលទើបបានលត់ក្រុមម្ចាស់ផ្ទះខេត្តរតនគិរី ៥-២ កាលពីសប្តាហ៍មុន ខណៈជំនួបលើកនេះ ត្រូវធ្វើនៅលើទឹកដីក្រុមខេត្តត្បូងឃ្មុំ ទៅទៅទៀត គឺនៅកីឡដ្ឋានវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់។
ដោយឡែកក្រុមចំនួន៤ទៀត ក៏ត្រូវបន្តការប្រកួតប្រជែងលើកទី២ នៅថ្ងៃអង្គារនេះដែរ ដោយក្នុងនោះ ក្រុមម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ត្រូវស្វាគមន៍ក្រុមខេត្តបាត់ដំបង នៅកីឡដ្ឋានវិទ្យាល័យកំពង់ត្រឡាច ហើយក្រុមម្ចាស់ផ្ទះ ខេត្តបន្ទាយមានជ័យ ត្រូវប៉ះក្រុមខេត្តពោធិ៍សាត់ ខណៈជំនួបលើកទី១ ខេត្តកំពង់ឆ្នាំង បានស្មើជាមួយក្រុមខេត្តពោធិ៍សាត់ ប៉ុន្តែក្រុមខេត្តបាត់ដំបង បានយកឈ្នះក្រុមខេត្តបន្ទាយមានជ័យ ៣-១ ដើម្បីឈរនៅពូលAនេះ ជាបណ្តោះអាសន្ន៕

