ក្រុមបាល់ទាត់តំណាងឲ្យខេត្តព្រែវែង ពិតជាធ្វើបានយ៉ាងល្អ ក្នុងការបង្អាក់ភាពខ្លាំងរបស់ក្រុមម្ចាស់ជើងឯក ខេត្តត្បូងឃ្មុំ សម្រាប់ការវិលមកជួបគ្នា ក្នុងការប្រកួតជម្រុះថ្នាក់ខេត្ត ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៤ ឆ្នាំ២០២០ កាលពីម្សិលមិញ ចំណែកក្រុមខេត្តកំពង់ឆ្នាំង បានបង្កើតនូវរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ខណៈពួកគេ បានលត់ក្រុមខេត្តបាត់ដំបង យ៉ាងចាស់ដៃនោះ។
បើទោះបីជា ក្រុមខេត្តបាត់ដំបង ធ្លាប់បានយកឈ្នះក្រុមខេត្តបន្ទាយមានជ័យ ៣-១ សម្រាប់ការប្រកួតលើកទី១របស់ខ្លួន ប៉ុន្តែសម្រាប់ការប្រកួតកាលពីថ្ងៃអង្គារ ម្សិលមិញ ក្រុមខេត្តកំពង់ឆ្នាំង ដែលបានត្រឹមស្មើ ២-២ ជាមួយក្រុមខេត្តពោធិ៍សាត់នោះ គឺបានយកឈ្នះក្រុមខេត្តដំបង រហូតដល់ ៤-១ ដើម្បីឡើងទៅឈរនៅលេខ១ ប្រចាំពូលA ខណៈក្រុមខេត្តពោធិ៍សាត់ បានយកឈ្នះក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ ៣-២ ដើម្បីឈរនៅលេខ២ មាន៤ពិន្ទុស្មើក្រុមខេត្តកំពង់ឆ្នាំង។
ចំណែកក្រុមខេត្តព្រែវែង បានបង្អាក់ក្រុមខ្លាំងខេត្តត្បូងឃ្មុំ តាមរយៈការយកស្មើ ០-០ នៅលើទឹកដីខេត្តត្បូងឃ្មុំតែម្តង ហើយលទ្ធផលនេះ វាផ្ទុយពីការសន្និដ្ឋាន ដែលគេគិតថា ព្រែវែង អាចនឹងជួបភាពជូរចត់ ព្រោះសម្រាប់ការប្រកួតលើកទី១ ខេត្តត្បូងឃ្មុំ បានយកឈ្នះក្រុមម្ចាស់ផ្ទះរហូតដល់ ៥-២ ឯនោះ។ យ៉ាងណាក៏ដោយ ការចែកគ្នាម្នាក់១ពិន្ទុនេះ នៅតែជួយឲ្យក្រុមខេត្តត្បូងឃ្មុំ បន្តឈរនៅលេខ១ ប្រចាំពូលC ដោយមាន៤ពិន្ទុដាច់ពីគេ។
ផ្ទុយពីនេះក្រុមខេត្តវិហារ មិនបាននាំយកភាពរីករាយជូនដល់អ្នកគាំទ្រ សម្រាប់ការប្រកួតបើកឆាករបស់ខ្លួន នៅលើទឹកដីខេត្តព្រះវិហារនោះទេ ខណៈពួកគេបានចាញ់ក្រុមភ្ញៀវ ខេត្តសៀមរាប ២-១ នោះ ហើយលទ្ធផលនេះ បានជួយឲ្យខេត្តសៀមរាប បន្តឈរនៅកំពូលតារាងប្រចាំពូលB ដោយមាន៦ពិន្ទុពេញ។
ដោយឡែក ក្រុមចំនួន៦ទៀត នឹងត្រូវធ្វើការប្រកួតប្រជែងគ្នា ជាបន្តទៀត នៅរសៀលថ្ងៃពុធនេះ ដោយក្នុងនោះ ក្រុមខេត្តតាកែង នឹងចាប់ប្រកួតបើកឆាករបស់ខ្លួនជាមួយក្រុមខេត្តកំពង់ស្ពឺ ស្របពេលដែលក្រុមខេត្តកោះកុង ត្រូវប្រឈមជាមួយក្រុមមាន៣ពិន្ទុក្នុងដៃ ខេត្តកែវ ហើយក្រុមខេត្តកំពត ត្រូវស្វាគមន៍ក្រុមខេត្តព្រះសីហនុ ខណៈប្រកួតបើកឆាកកន្លងមកនេះ ខេត្តព្រះសីហនុ បានស្មើ ២-២ ជាមួយខេត្តកោះកុង តែ ខេត្តកំពត បានចាញ់ក្រុមខេត្តកែប ៣-១៕
ខេត្តព្រៃវែង បង្អាក់ភាពខ្លាំងរបស់ត្បូងឃ្មុំ ខណៈ កំពង់ឆ្នាំង លត់ក្រុមបាត់ដំបង យ៉ាងចាស់ដៃ
អត្ថបទទាក់ទង