ក្រុមយុវជនថ្នាលចំបាប់កម្ពុជា ដែលតែងតែមានការហ្វឹកហាត់ជាប្រចាំ ក្នុងរយៈពេលពេញ១ឆ្នាំនោះ ត្រូវបានអនុរក្សរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ប្រាប់ឲ្យឈប់សម្រាកមួយរយៈសិន ស្របពេលដែលវីរុសកូវីដ១៩ កំពុងមានការរីករាលដាលខ្លាំង ទាំងនៅភ្នំពេញ និងនៅតាមខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា។

លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់កាលពីព្រឹកថ្ងៃពុធនេះថា៖«ក្រុមយុវជនថ្នាលរបស់យើងមានចំនួន១៥នាក់ ដែលតែងតែធ្វើការហ្វឹកហាត់ជាប្រចាំ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិ ប៉ុន្តែពេលនេះ យើងបានឲ្យពួកគាត់ឈប់សម្រាកមួយរយៈសិន»។

លោកបានបន្ថែមថា៖ «ការឈប់សម្រាកនេះ គឺយើងធ្វើឡើងទៅតាមការណែនាំរបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដោយគាត់បាន Call ទូរស័ព្ទមកប្រាប់ឲ្យយើងសម្រាក ដោយឲ្យក្មេងៗទៅផ្ទះមួយរយៈសិនទៅ ចាំស្ថានភាព(វីរុសកូវីដ១៩) មានភាពធូរស្រាល ចាំយើងប្រមូលផ្តុំហ្វឹកហាត់វិញ»។

គួរបញ្ជាក់ថា នៅក្នុងចំណោមសហព័ន្ធកីឡាជាតិ ជាង៣០ ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតិឲ្យមានការប្រមូលផ្តុំជាក្រុមយុវជនថ្នាលនោះ គឺសហព័ន្ធកីឡាចំបាប់កម្ពុជា ត្រូវបានមន្រ្តីកីឡាជំនាញរបស់ក្រសួងអប់រំ ចាត់ទុកថា ជាសហព័ន្ធគំរូ ដែលមានការហ្វឹកហាត់ពេញមួយឆ្នាំៗ ដោយគ្មានការរំសាយ ទៅប្រមូលការផ្តុំក្រុមជម្រើសជាតិនោះទេ ផ្ទុយពីនេះសហព័ន្ធមួយចំនួនធំ មានការហ្វឹកហាត់ តែទៅតាមចំនួនខែ នៃការប្រមូលផ្តុំរបស់ក្រសួងអប់រំ ប៉ុណ្ណោះ គឺផុតពេលប្រមូលផ្តុំ ពួកគេរំសាយការហ្វឹកហាត់ទៅតាមនោះដែរ៕