ស្របពេលគ្រូបង្វឹក និងកីឡាករភាគច្រើន បានត្អូញត្អែរ ពីការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងពេលដែលស្រុកទេសកំពុងមានវិបត្តិ ដោយសារការរីករាលដាល់នៃជំងឺឆ្លងកូវីដ១៩នោះ ស្រាប់តែអ្នកប្រដាល់ជើងខ្លាំង រឿង សោភ័ណ្ឌ បានដឹកអង្ករចំនួន១០០០គីឡូក្រាម រួមជាមួយសម្ភារមួយចំនួនទៀត យកទៅចែកជូនដល់គ្រួសារ កំពុងជួបការលំបាក ដ៏គួរឲ្យភ្ញាក់ផ្អើល។

បើទោះបីជា អ្នកលេងកណ្តាប់ដៃឆ្វេងរបស់ក្លិបមកុដរាជសីហ៍ រឿង សោភ័ណ្ឌ មិនបានបញ្ជាក់ពីទីតាំង ដែលរូបគេបានយកស្បៀងចុះទៅចែកជូននោះ ប៉ុន្តែតាមរយៈការរូបភាពជាច្រើនសន្លឹក ដែលរូបគេ បានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន គឺ រឿង សោភ័ណ្ឌ ពិតជាបាននាំយកអង្ករ មី ត្រីខ ទឹកត្រី យកទៅចែកជូនដល់ប្រជាពលរដ្ឋ ពិតប្រាកដមែនណ កាលពីចុងសប្តាហ៍នេះ។

ជាមួយនឹងការយកស្បៀង ចុះទៅចែកជូនដល់អ្នកជួបការខ្វះខាតនេះ រឿង សោភ័ណ្ឌ បានរំលេចចេញនូវពាក្យពេចដ៏គួរឲ្យរំភើប នៅលើហ្វេសប៊ុករបស់ខ្លួនថា៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ ដែលបានយកអំណោយចែកជូនបងប្អូនទីទាល់ក្រ ដែលគាត់ជួបទុក្ខលំបាក។ ខ្ញុំយកមកចែកជូន100គ្រួសារ ក្នុង1នាក់ (តំណាង១គ្រួសារ) បានអង្ករ10គីឡូ មី25 កញ្ចប់ ត្រីខ1យួរ និងទឹកត្រីមួយយួរ»។

គេនៅមិនទាន់ដឹងថា ថវិកា ដែល រឿង សោភ័ណ្ឌ យកទៅទិញស្បៀងនេះ ជាថវិការបស់គេផ្ទាល់ ឬក៏មិនការជួយទំនុកបម្រុងពីសប្បុរសជនរូបណានោះទេ ប៉ុន្តែទង្វើរបស់ រឿង សោភ័ណ្ឌ ទទួលបានការកោតសរសើរច្រើនពីអ្នកគាំទ្រ និងប្រជាជនកម្ពុជា ព្រោះនេះជាសកម្មភាពគំរូមួយ។

បន្ថែមទៅលើនេះ កីឡាករជើងខ្លាំងរបស់កម្ពុជា រឿង សោភ័ណ្ឌ បានបន្តលាតត្រដាងពីដួងចិត្តពិតរបស់ខ្លួនថា៖«ទោះវាតិច តែខ្ញុំសប្បាយចិត្ត ដែលបានជួយបងប្អូន ដែលជួបទុក្ខលំបាក។ ជាចុងក្រោយសូមជូនពរពុកម៉ែបងប្អូនទាំងអស់ ចៀសឆ្ងាយពីជំងឺកូរ៉ូណាទាំងអស់គ្នា និងសូមបងប្អូនទាំងអស់គ្នា មេត្តាអនាម័យរៀងៗខ្លួន សំណាងល្អ បងប្អូនកម្ពុជាទាំងអស់គ្នា»៕