ក្រុម Sevilla បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៣វិញ នៅលើតារាងក្របខ័ណ្ឌ La Liga កាលពីថ្ងៃចន្ទ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Villarreal ខណៈដែលតារាឆ្នើម Bruno Soriano បានចូលលេងជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំ ក្រោយពីការរងរបួសយ៉ាងធ្ងន់ធ្ងររបស់គេ។

កីឡាករ Paco Alcacer បានជួយឲ្យក្រុម Villarreal រកបានគ្រាប់បាល់នាំមុខមុន នៅនាទី ទី១៨ ហើយ Pau Torres បានរក្សាការនាំមុខរបស់ក្រុមខ្លួន នៅជិតបញ្ចប់ការប្រកួតនៃតង់ទី១ ក្រោយពីកីឡាករ Sergio Escudero របស់ក្រុម Sevilla បានស៊ុតបាល់ពីចម្ងាយចូលទីយ៉ាងល្អ។

Munir El Haddadi បានជួយឲ្យក្រុម Sevilla រកបាន១ពិន្ទុសម្រាប់ការប្រកួតនៅក្រៅដី និងបានជួយឲ្យក្រុមខ្លួនឡើងឈរពីលើក្រុម Atletico Madrid ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Levante នៅរាត្រីនេះ តាមរយៈការរកបានគ្រាប់បាល់តាមស្មើនៅនាទី ទី៦៣ ដើម្បីបញ្ចប់ការឈ្នះជាប់ៗគ្នាសម្រាប់ក្រុម Villarreal មកនៅត្រឹម៣ប្រកួត។

លទ្ធផលស្មើនេះ បានធ្វើឲ្យក្រុម Villarreal ស្ថិតក្នុងចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Europa League តាមរយៈការឈរពីលើក្រុម Real Sociedad ស្របពេលដែលការដាក់ឲ្យ Bruno ចូលលេងនៅប៉ុន្មាននាទីចុងក្រោយ បានបង្កើតឲ្យមានការចងចាំមួយទៅនឹងការរងរបួស កាលពីខែឧសភា ឆ្នាំ២០១៧៕

អត្ថបទ៖ Pheng
ប្រភពព័ត៌មាន៖ Channel News Asia