ប្រធានក្លឹបអ្នកមានបុណ្យ Barcelona បាននិយាយថាខ្សែប្រយុទ្ធឆ្នើម Lionel Messi នឹងបញ្ចប់អាជីពរបស់ខ្លួនជាមួយក្លឹបជើងឯក La Liga ។
យោងតាមការអះអាងរបស់លោក Josep Maria Bartomeu បានច្រានចោលពត៌មានដែលបានចុះផ្សាយថាកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ៣៣ ឆ្នាំរូបនេះមិនមានបំណងបន្តកុងត្រាថ្មីនៅពេលដែលកិច្ចសន្យាចាស់របស់ខ្លួនផុតកំណត់នៅឆ្នាំ ២០២១ និងត្រៀមចាកចេញពីលីកកំពូលអេស្បាញដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។
លោក Bartomeu បានលើកឡើងដូច្នេះបន្ទាប់ពីBarcelonaផ្តួល Villarreal កាលពីថ្ងៃអាទិត្យដើម្បីកាត់បន្ថយគម្លាតក្រុមកំពូលតារាង Real Madrid មកនៅត្រឹម ៤ ពិន្ទុក្រោយពេលខ្សែការពារSergio Ramos ជួយក្រុមអធិរាជសផ្តួលAthletic Bilbaoដោយបាល់ពិន័យកាត់សេចក្តី១១ម៉ែត្រ។
ប្រធានក្លឹបសញ្ជាតិអេស្បាញរូបនេះ បានប្រាប់បណ្តាញពត៌មានអេស្បាញ Movistar បន្ថែមថាៈ យើងកំពុងចរចាជាមួយកីឡាករជាច្រើនប៉ុន្តែកីឡាករសំខាន់របស់យើងគឺ Messi បានពន្យល់ប្រាប់យើងថាគាត់ ចង់លេងអោយក្លឹបបន្តទៀត ។ ដូច្នេះយើងនឹងរីករាយដើម្បីបន្តការងារជាមួយគាត់យូរអង្វែងជាងនេះបន្តទៅទៀតដើម្បីជួយក្រុមទទួលបានជោគជ័យ។