ក្រុម Sevilla កាន់​តែ​មានភាពច្បាស់លាស់ក្នុងការឈ្នះ​កៅអី​ទៅ​លេងក្នុងក្រប​ខ័ណ្ឌ Champions League នៅរដូវ​កាល​ក្រោយ ក្រោយពី​បាន​ផ្តួល​ក្រុម Real Mallorca ក្នុងលទ្ធ​ផល ២-០ កាលពីថ្ងៃ​អាទិត្យ​។

កីឡាករ Lucas Ocampos បាន​ស៊ុត​បាល់​ប៉េ​ណាល់​ទី​នៅ​ពាក់កណ្តាល​តង់​ទី​១ នៅមុន​ពេល Youssef En-Nesyri បាន​បន្ថែម​គ្រាប់​បាល់​ទី​២ នៅ​ជិត​​បញ្ចប់​ការ​ប្រកួត ដើម្បី​ជួយ​ឲ្យក្រុម Sevilla នាំមុខ​៩ពិន្ទុ​ដាច់​លើ​ក្រុម​ឈរលេខ​៥ Villarreal​។ ខណៈ​ដែល​នៅ​សល់​​ការ​ប្រកួត​ត្រឹម​តែ​៣លើក​ទៀត និង​ការ​មាន​ប្រៀប​​ពី​ជំនួប​​រវាងក្រុម​ទាំង​២ ក្រុម Villarreal មិន​ទាន់​អស់​ឱកាស​ក្នុ​ងការ​ប្រជែង​ដណ្តើម​យក​កៅអី​ឡើយ ប៉ុន្តែ ពួក​គេ​ត្រូវ​តែ​ដណ្តើម​ឲ្យ​បាន​៩ពិន្ទុ​ពេញ ហើយក្រុម Sevilla ត្រូវ​តែ​ចាញ់​ការ​ប្រកួត​​ដែលនៅ​សល់​ទាំង​២​លើក​របស់​ខ្លួន​។

ខ្សែ​បម្រើ Fernando Reges របស់​ក្លិប Sevilla បាន​ឲ្យ​ដឹង​ថា៖ «ការ​ឈ្នះ​កៅអីក្នុងក្រប​ខ័ណ្ឌ Champions League គឺ​ជា​គោល​បំណង​របស់​យើង​។ យើង​កំពុង​តែ​ខិត​កាន់​តែ​កៀក ហើយ​ពេល​នេះ​យើង​នៅ​សល់​តែ​ប៉ុន្មាន​ជំហាន​ប៉ុណ្ណោះ ដើម្បី​សម្រេច​គោល​បំណង​របស់​យើង​»​។ ការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​៤ នឹង​កា្លយ​ជា​សមិទ្ធិ​ផល​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​សម្រាប់​ក្រុម Sevilla និង​គ្រូបង្វឹក​របស់​ពួកគេ​គឺលោក Julen Lopetegui ដែល​បាន​ចូល​កាន់​តំណែង​កាលពីឆ្នាំមុន ក្រោយពី​ការ​ជួប​សុបិនអាក្រក់​ក្នុង​ពេល​ដឹកនាំ​​ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ និង​ Real Madrid​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia