បរទេស៖ Kepa Arrizabalaga បាននិយាយថាការបាត់បង់តំណែងសម្រាប់ជម្រើស១១នាក់ដំបូងនៅក្រុម Chelsea គឺមិនមែនជាការបញ្ចប់ក្តីសុបិន្តនោះទេ ប៉ុន្តែរូបគេនៅតែមាន ទំនុកចិត្តនិងអាចដណ្តើមយកតួនាទីដ៏សំខាន់នេះនៅពេលខាងមុខនេះមកវិញ ក្រោយត្រូវបានគ្រូបង្វឹកអេស្បាញលោក Luis Enrique កោះហៅអោយបង្ហាញខ្លួនសម្រាប់ការប្រកួតលក្ខណៈអន្តរជាតិរយៈពេល១សប្តាហ៏ខាងមុខនេះ។
កីឡាករមានវ័យ ២៦ ឆ្នាំរូបនេះជាប់កំនត់ត្រាជាអ្នកចាំទីថ្លៃជាងគេបំផុតនៅលើពិភពលោកក្រោយផ្ទេរពីក្លឹប Athletic Bilbao នៅលីកកំពូល La Liga ក្នុងតម្លៃ ៧១ លានផោនកាលពីឆ្នាំ ២០១៨ ។ក៏ប៉ុន្តែការបង្ហាញទម្រង់លេងរបស់ខ្លួនមានភាពរអាក់រអួល និង បង្កើតកំហុសជាច្រើនដងកាលពីរដូវកាលចាស់ត្រូវបានគ្រូបង្វឹក Frank Lampard ដកទំនុកចិត្ត ។
ចូលដល់រដូវកាលថ្មីរូបគេត្រូវបានអ្នកចាត់ការទូទៅសញ្ជាតិអង់គ្លេសរូបនេះ បន្តផ្តល់ឪកាសបង្ហាញខ្លួនរដូវកាលថ្មីសម្រាប់ប្រកួតដ៏សំខាន់ពេល Chelsea ជួបជាមួយ Liverpool ក៏ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាននោះទេ។ Kepa ត្រូវបានជំនួសដោយអ្នកចាំទី ចាស់វស្សាសញ្ជាតិអាហ្សង់ទីន Willy Caballero ដែលមានអាយុ ៣៩ មុនពេលក្លឹបនាំយកកីឡាករចំណូលថ្មី Edouard Mendy សញ្ជាតិសេណេហ្គាល់វ័យ ២៨ ឆ្នាំ ពីក្លឹប Renne ដោយចាប់ផ្តើមចូលលេងជម្រើសដំបូងបាន ២ ប្រកួតមកហើយនោះ៕
ប្រភពព័ត៍មាន៖ BBC