បរទេស៖ អតីតតារាបាល់ទាត់ដ៏ឆ្នើមរបស់ប្រស៊ីលលោក Pele បាននាំយកសាររំលែកទុក្ខជាសកលទៅកាន់លោក Diego Maradona ដែលត្រូវបានប្រកាសថា ទទួលមរណៈភាពក្នុងវ័យ៦០ឆ្នាំ កាលពីថ្ងៃពុធ តាមរយៈការបញ្ជាក់ថា ពួកគេនឹងលេង «បាល់ទាត់ជាមួយគ្នានៅលើមេឃ»។
ជាមួយនឹងការបង្កើតភាពល្បីល្បាញតាមរយៈការជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup ឆ្នាំ១៩៨៦ Maradona គឺជាវីរបុរសដ៏មានប្រជាប្រិយភាពក្នុងកម្រិតក្លិប ក្នុងពេលលេងឲ្យ Boca Juniors ក្នុងប្រទេសកំណើតរបស់គេ និងក្លិប Napoli ក្នុងប្រទេសអ៊ីតាលី ដែលជាកន្លែងរូបគេបានឈ្នះពាន Serie A ចំនួន២លើក។ Maradona បានធ្វើឲ្យគ្រប់គ្នាចងចាំទៅលើទេពកោសល្យលេងកីឡាបាល់ទាត់របស់លោក ប៉ុន្តែ លោកក៏មានភាពល្បីល្បាញទៅលើការខ្វះនូវការគ្រប់គ្រងអារម្មណ៍ខ្លួនឯងទាំងនៅលើ និងក្រៅទីលានប្រកួតផងដែរ។ លោកមានបញ្ហានឹងការញៀនកូកាអ៊ីន ហើយក៏ឡើងទម្ងន់ផងដែរ ដែលផ្ទុយគ្នាស្រឡះទៅនឹងអតីតតារាបាល់ទាត់ដែលមានភាពស្អាតស្អំ Pele។
លោក Pele បានសរសេរនៅលើបណ្តាញសង្គម Instagram រួមជាមួយនឹងរូបភាពលោក Maradona លើកពាន World Cup ក្នុងឆ្នាំ១៩៨៦ថា៖ «ព័ត៌មានដ៏សោកសៅនៅថ្ងៃនេះ។ ខ្ញុំបានបាត់បង់មិត្តភក្តិជាទីស្រឡាញ់ម្នាក់ ហើយពិភពលោកបានបាត់បង់វីរបុរសម្នាក់»។ លោក Maradona បានស្លាប់ដោយសារតែជំងឺគាំងបេះដូង ក្រោយពីទទួលការវះកាត់ខួរក្បាលយ៉ាងជោគជ័យកាលពីដើមខែនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia