បរទេស៖ ខ្សែប្រយុទ្ធ Sergio Aguero របស់ក្រុម Manchester City បានសម្តែងការគោរពកាន់ទុក្ខចំពោះវិញ្ញាណក្ខន្ធអតីតឪពុកក្មេករបស់ខ្លួនគឺវីរបុរសបាល់ទាត់ក្រុមជម្រើសជាតិអាហ្សង់ទីនលោក Diego Maradonaដែលបានលាចាកលោកកាលពីថ្ងៃពុធ។ម៉ារ៉ាដូណាគឺជាជីតាបង្កើតរបស់កុមារBenjaminកូនប្រុសរបស់ខ្សែប្រយុទ្ធដែលមានកំនត់ត្រារកគ្រាប់បាល់អោយក្រុមច្រើន បំផុតក្រុមMan.City រូបនេះ ដែលបានលែងលះជាមួយនាង Gianinna តាំងតែពីឆ្នាំ២០១២ ពោលបន្ទាប់ពីរួមរស់ជាមួយគ្នាបាន៤ឆ្នាំ។
អធិរាជបាល់ទាត់ដែលមានរហស្សនាមថាខ្លាកន្តឿដែលធ្លាប់លេងអោយក្រុមBarcelona,Napoli, និង Boca Junior រូបនេះបានទទួលមរណភាពនៅក្នុងអាយុ ៦០ ឆ្នាំនាទីក្រុងប៊ុយណូអ៊ែរែសនាមាតុភូមិអាហ្សង់ទីនដោយសារជំងឺគាំងបេះដូង ។
គួររំលឹកថាបុរសដែលបានជួយក្រុមពពកសអាហ្សង់ទីនលើកពាន World Cupនៅឆ្នាំ១៩៨៦ រូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីដើមខែនេះនិងបានទទួល ការវះកាត់បន្ទាប់ពីមានឈាមកកនៅក្នុងខួរក្បាលមុនពេលទទួលមរណៈភាពនេះ៕
ប្រភពព័ត៍មាន៖ Metro