បរទេស៖ ក្លិប Fenerbahce កំពុង​តែ​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​​បម្រើ​អាល្លឺ​ម៉ង់ Mesut Ozil វ័យ​៣២​ឆ្នាំ ដែលនឹង​ត្រូវ​បញ្ចប់​រយៈ​ពេល​៨​ឆ្នាំ​របស់​គេ​ជាមួយនឹងក្លិប Arsenal របស់ក្រប​ខ័ណ្ឌ Premier League​។

នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់ក្លិប​តួកគីមួយនេះ កាលពីថ្ងៃ​អាទិត្យ​។ Ozil បាន​បញ្ជាក់​កាល​​ពី​ពេលមុន​នេះ​ថា រូប​គេ​ពិត​ជា​រំភើប​ណាស់ក្នុងការ​លេង​ឲ្យ​អតីត​ក្រុម​ម្ចាស់​ជើង​ឯក​របស់តួកគីមួយនេះ ហើយ​ថា រូប​គេ​​មាន​ភាព​រឹង​មាំ​គ្រប់គ្រាន់​ហើយ បើ​ទោះ​បី​ខក​ខានលេង​កីឡា​បាល់ទាត់​ជិត​រយៈ​ពេល​១​ឆ្នាំ​ក៏ដោយ​។ រូប​គេមិនធ្លាប់​បាន់លេង​ឲ្យ​ក្រុម Arsenal សោះ​បើ​គិត​ចាប់​តាំងពីខែមីនា និង​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ទាំង​ក្នុង​ក្រុម​​ដែល​ត្រូវ​លេងក្នុងក្រប​ខ័ណ្ឌ Premier League និង Europa League នៅ​រដូវ​កាល​នេះ​។ Ozil ត្រូវ​បាន​ទាក់ទង​ជាមួយនឹងការ​ផ្ទេរ​មួយ​ទៅកាន់​ក្លិប Fenerbahce ដែល​ជា​ក្លិប​ដ៏​ជោគ​ជ័យ​បំផុតលំ​ដាប់​ទី​២​របស់តួក​គី ជា​យូរ​មកហើយ ខណៈ​ដែល​ក្លិប បាន​បញ្ជាក់​កាល​ពីថ្ងៃ​​អាទិត្យ​ថា៖ «​ក្លិប​របស់​យើង​នឹង​នាំ​យក Mesut Ozil ទៅកាន់​ទីក្រុង Istanbul ដើម្បី​បន្ត​ដំណើរការ​នៃ​ការ​ផ្ទេរ​នេះ​»​។

ក្នុង​ពេល​ផ្តល់​សម្ភាសន៍​ទៅកាន់​ទូរ​ទស្សន៍ NTV របស់​តួក​គី Ozil ដែល​ជាប់​ខ្សែ​លោហិត​ជា​ជន​ជាតិ​តួកគីនោះ បាន​បញ្ជាក់​ថា រូប​គេ​កំពុង​តែ​ស្រេក​ឃ្លាន​ក្នុងការ​លេង​​ឲ្យក្លិប Fenerbahce មុន​នឹង​បន្ថែមថា រូប​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Istanbul នៅ​ថ្ងៃព្រឹកថ្ងៃចន្ទនេះ ដើម្បី​បំពេញការផ្ទេរ​របស់​គេ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia