បរទេស៖ Borussia Dortmund ត្រូវតែរង់ចាំមើលថា ខ្សែប្រយុទ្ធដ៏ឆ្នើម Erling Braut Haaland នឹងរឹងមាំទាន់ពេលដើម្បីលេងក្នុងការប្រកួតដណ្តើមពាន German Cup វគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម RB Leipzig នៅរាត្រីនេះ ឬអត់។
លោក Edin Terzic គ្រូបង្វឹករបស់ក្រុម Dortmund សង្ឃឹមថា នឹងបញ្ចូលរូបគេក្នុងការប្រកួតនាកីឡដ្ឋាន Olympic ក្នុងទីក្រុងប៊ែរឡាំង ក្រោយពីបញ្ហារបួស បានធ្វើឲ្យ Haaland អវត្តមានក្នុងការប្រកួត២លើកចុងក្រោយ រួមទាំងក្នុងការប្រកួតដែលពួកគេបានយកឈ្នះលើក្រុម Leipzig ៣-២ លើទឹកដីខ្លួនឯង ក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ ផងដែរ។ Haaland បានស៊ុតបាល់បញ្ចូលទី៣៧គ្រាប់ ក្នុងការប្រកួត៣៨លើកសម្រាប់ Dortmund នៅរដូវកាលនេះ ក្នុងរាល់យុទ្ធនាការទាំងអស់។ តារាឆ្នើមវ័យ២០ឆ្នាំរូបនេះ បានឈប់សម្រាក១ថ្ងៃ កាលពីថ្ងៃចន្ទ ដើម្បីទទួលការព្យាបាលបន្ថែម និងបានហ្វឹកហាត់ជាមួយនឹងក្រុមកាលពីថ្ងៃអង្គារ ហើយបន្ទាប់មក បានចូលរួមក្នុងការហ្វឹកហាត់ចុងក្រោយ កាលពីថ្ងៃពុធ នៅទីក្រុងប៊ែរឡាំង។
លោក Terzic បានឲ្យដឹងថា៖ «Haaland ទំនងស្ថិតក្នុងស្ថានភាពល្អប្រសើរ។ យើងមិនបានធ្វើឲ្យរូបគេស្ថិតក្នុងសម្ពាធទាំងស្រុងឡើយ ប៉ុន្តែ យើងគ្រាន់តែបានធ្វើការពិនិត្យលើរូបគេប៉ុណ្ណោះ។ យើងចង់ឃើញពីកម្រិតដែលរូបគេអាចបញ្ចេញប្រតិកម្ម ក្រោយពីការហ្វឹកហាត់នៅថ្ងៃនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia