បរទេស៖ អតីតប្រធានក្រុម Manchester United កីឡាករ Ashley Young ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Inter Milan គឺខិតជិតក្នុងការត្រលប់ទៅកាន់លីគកំពូលអង់គ្លេសសារជាថ្មីដោយនឹងចូលរួមជាមួយនឹងក្លឹប Burnley។
កីឡាករវ័យ ៣៦ឆ្នាំរូបនេះកំពុងពិភាក្សាលើកិច្ចសន្យាមួយឆ្នាំជាមួយនឹងជម្រើសបន្ថែម ១២ ខែទៀតជាមួយនឹងក្លឹប Burnley ហើយភាគីទាំងពីរសង្ឃឹមកាន់តែខ្លាំងឡើងថាកិច្ចព្រមព្រៀងមួយនេះអាចត្រូវបានបញ្ចប់នាឆាប់ៗនេះ។ Young គ្រោងនឹងចាកចេញពី Inter Milan នៅរដូវក្តៅនេះ បន្ទាប់ពីបដិសេធចុះកុងត្រាថ្មីមួយក្លឹបនៅឯទឹកដី San Siro មួយនេះ ហើយរូបគេក៏បានធ្វើការពិភាក្សាអំពីការវិលត្រឡប់ទៅកាន់ Watford ដែលជាក្លឹបដែលរូបគេធ្លាប់លេងតាំងពីវ័យក្មេងផងដែរ។
ទោះបីជាយ៉ាងណាបើយោងទៅតាមសារព័ត៍មាន Sky Sports បានអោយដឹងថាបច្ចុប្បន្នក្លឹប Burnley កំពុងតែពិភាគ្សាជាមួយនឹងភ្នាក់ងារ រឺក៏អ្នកតំណាងរបស់ Ashley Young លើការផ្ទេរដោយគ្មានតម្លៃខ្លួនរបស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ។ Young បានបង្ហាញខ្លួនបាន ៣៤ ប្រកួតនៅរដូវកាលនេះ ខណៈបានជួយអោយ Inter ឈ្នះជើងឯក Serie A លើកដំបូងក្នុងរយៈពេល ១១ ឆ្នាំ ទោះបីយ៉ាងណាអ្នកចាត់ការទូទៅលោក Antonio Conte ដែលជាអ្នកចុះកុងត្រាយក Young ពី Man Utd បានចាកចេញពីក្លឹបតែប៉ុន្មានថ្ងៃបន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេនៅរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ Sky Sports